ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងាររៀបចំបញ្ជីគម្រោងសក្តានុពលសម្រាប់ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នារសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (លុច្ស) ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយលោក ហង្ស វុទ្ធិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន និងក្រុមការងារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានជំនាញពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំលើកដំបូងនេះគឺ ក្នុងគោលបំណងដើម្បីពិភាក្សាអំពីការរៀបចំបញ្ជីគម្រោងសក្តានុពល សម្រាប់ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា និងគម្រោងសក្តានុពលតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន(ភ.រ.ជ)។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបជូនផងដែរថា ប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេសសរុបមានជាង ២៥០០ប្រព័ន្ធ ដែលប្រព័ន្ធធារាសាស្ត្រមួយចំនួន បានទទួលការថែទាំ និងមានសហគមន៍កសិករប្រើប្រាស់ទឹកគ្រប់គ្រង ហើយប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត បានខូចខាតទៅវិញជាបណ្តើរៗ ដោយសារមិនមានធនធានថវិកាគ្រប់គ្រាន់សម្រាប់ថែទាំ និងមិនមានសហគមន៍កសិករប្រើប្រាស់ទឹក។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា ជម្រើសដ៏សមស្របមួយក្នុងបរិបទបច្ចុប្បន្ន ដើម្បីធានានិរន្តរភាពនៃការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ គឺការចូលរួមពីវិស័យឯកជនតាមរយៈយន្តការ ភ.រ.ជ (PPP) ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយថវិការដ្ឋទៅលើការងារថែទាំប្រព័ន្ធធារាសាស្ត្រ ដែលមានសក្តានុពល ឬប្រព័ន្ធធារាសាស្ត្រដែលទើបសាងសង់រួច។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យក្រុមការងារនៃក្រសួងទាំងពីរ បន្តសហការគ្នាបន្ថែមទៀត ដើម្បីអនុវត្តការងារឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង