ផ្ទុះបំពង់បង្ហូរឧស្ម័ន បង្កជាអគ្គិភ័យដ៏សម្បើម នៅម៉ាឡេស៊ី

(គូឡាឡាំពួ)៖ អគ្គិភ័យដ៏សម្បើមមួយបានកើតឡើង នៅថ្ងៃអង្គារ ទី១ ខែមេសា នៅឯជាយរាជធានីគូឡាឡំាពួ ដោយសារតែការផ្ទុះបំពង់បង្ហូរឧស្ម័ន ដោយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជននៅក្បែរកន្លែង កើតហេតុទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
ការផ្ទុះបំពង់បង្ហូរឧស្ម័នបានជះភ្លើងទៅលើអាកាសនៅរយៈកម្ពស់ដ៏ខ្ពស់ នៅក្បែរស្ថានីយហ្កាសក្នុងទីក្រុង Putra Heights នៃរដ្ឋ Selangor។ ក្រុមហ៊ុនរដ្ឋ Petronas បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា អគ្គិភ័យបានឆាបឆេះលើបំពង់បង្ហូរឧស្ម័នមួយរបស់ខ្លួន នៅម៉ោងប្រហែល ៨៖១០នាទីព្រឹកថ្ងៃអង្គារនេះ។ ក្រុមហ៊ុនបន្ថែមថាបំពង់ឧស្ម័នដែលរងផងប៉ះពាល់ត្រូវដាក់ឱ្យដោយឡែក រីឯស្ថានីយហ្គាសចំនួន ៣ នៅក្បែរកន្លែងកើតហេតុមិនបានរងផលប៉ះពាល់នោះទេ ប៉ុន្តែត្រូវបិទទ្វារជាបណ្ដោះអាសន្នសិន។
ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យការផ្ទុះឆេះនេះនោះទេ ខណៈស៊ើបអង្កេតមួយកំពុងធ្វើឡើង។ អាជ្ញាធរម៉ាឡេស៊ី ក្នុងរដ្ឋ Selangor ក៏បានឱ្យដឹងដែរថាមនុស្ស៣៣នាក់បានរងរបួស ក្នុងនោះ ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯផ្ទះជាច្រើនខ្នងនៅក្នុងភូមិមួយក្បែរកន្លែងផ្ទុះឆេះរងការឆាបឆេះ។ តែទំហំនៃការខូចខាតមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង