តំបន់ប្រតិបត្តិការសឹករងព្រះសីហនុផ្សព្វផ្សាយបទបញ្ជា របស់មេបញ្ជាការ កងទ័ពជើងគោក

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានផ្សព្វផ្សាយ បទបញ្ជា របស់មេបញ្ជាការកងទ័ពជើងគោក ស្តីពី ការគ្រប់គ្រងកម្លាំងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ) នាពេលខាងមុខ ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានមានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ និងក្នុងតំបន់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន បានទទួលជ្រាប។
លោកមេបញ្ជាការ ក៏បានមានប្រសាសន៍ អប់រំដាស់តឿនដល់នាយ-ពលទាហានទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិន័យសណ្ដាប់ធ្នាប់ ច្បាប់ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ ត្រូវគោរពតាមបទបញ្ជារបស់ថ្នាក់លើឱ្យបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់។ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ ការកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន ព្រមទាំងចូលរួមការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង សម្រាប់ដោះស្រាយយថាហេតុផ្សេងៗ និងចល័តចុះជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ឧត្ដមសេនីយ៍ត្រី នូវ សំអុល បានក្រើនរំលឹកដល់យោធិនទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងជូនពរឱ្យជៀសផុតពីជំងឺដង្កាត់ផ្សេងៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង