ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះត្រួតពិនិត្យទីតាំងឆេះឃ្លាំងស្តុកសម្ភារៈជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ ដែលបានកើតហេតុតាំងពីវេលាម៉ោង ៩:៥០នាទី នៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
តាមរបាយការណ៍បឋម៖ អគ្គិភ័យនេះបានបណ្តាលឲ្យឆេះឃ្លាំងរោងចក្រចំនួន ០៣ឃ្លាំង និងឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង។ ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ១៤:០៥នាទីរសៀលក្នុងថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១៣ឡាន ដោយមានរថយន្តចូលរួមជួយពីក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល, អង្គភាព៩១១, អង្គភាព៧១១, អង្គភាព១១៩, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, តំបន់សេដ្ឋកិច្ចកាណាឌីយ៉ា, បូរីសង្ឃឹមថ្មី និងក្រុមហ៊ុនខ្មែរប៊ូប៊ើរីជីស។
ចំពោះករណីខាងលើនេះ បង្កឡើងដោយ ផ្ទុះធុងហ្គាស់ចេញពីឃ្លាំងផ្ទុកសម្ភារៈជ័រ ផ្លាស្ទីក។ សូមបញ្ជាក់ផងដែរថា៖ អគ្គិភ័យខាងលើនេះមិនបានបង្កឱ្យមានអ្នករងរបួសទេ ៕