រថយន្តក្រុងដឹកភ្លៀវទេសចររបស់ក្រុមហ៊ុនធីវីរៈ សង្ស័យអ្នកបើកបរងងុយដេករេចង្កូតបុកចូលផ្ទះពលរដ្ឋ
ឧត្តរមានជ័យ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ ស្ថិតនៅត្រង់ចំណុចភូមិ(ក) ខាងត្បូងផ្សារភូមិ(ក) ចម្ងាយ១០០ម៉ែត្រ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី០១ខែមេសា ឆ្នាំ២០២៥នេះ។
រថយន្តក្រុងប្រភេទទេសចរ៤៥កៅអីមួយគ្រឿង របស់ក្រុមហ៊ុនធីវីរៈ បើកបរក្នុងល្បឿនលឿនរេចង្កូត បុកផ្ទះប្រជាពលរដ្ឋទាំងកម្រោល បានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ព្រមទាំងអ្នកធ្វើដំណើរមានការភ័យស្លន់ស្លោនាំគ្នារត់ចេញពីក្នុងឡាន។
មុនដំបូងឡើយគាត់បានឃើញរថយន្តក្រុងពណ៌ស ខាងលើនេះ បើកបរពីទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុទំនងជាតៃកុងឡានងោកមួយភាំង ក៏បានរេចង្កូតធ្លាក់ផ្លូវ ឆ្ពោះទៅមុខបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងកម្រោលតែម្ដង ។
យោងតាមសាក្សីនៅទីតាំងកើតហេតុផ្ទាល់ បានអះអាងបន្តថា ឡានក្រុងពណ៌ស ដែលបុកចូលផ្ទះប្រជាពលរដ្ឋនេះដែរ ត្រូវគេស្គាល់ថា ជាក្រុមហ៊ុន (ធីវរៈដឹកអ្នកដំណើរមានទីតាំងស្ថិតនៅ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ)។
ចំពោះករណីនេះពុំមានបង្កគ្រោះថ្នាក់ដល់មនុស្ស និងអ្នកធ្វើដំណើរអ្វីនោះឡើយគ្រាន់តែខូចខាត សម្ភារៈ របស់អ្នកផ្ទះបន្តិចបន្តួចតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ភា្លមៗនោះដែរក្រោយកើតហេតុរួច ខាងក្រុមហ៊ុនឡានក្រុងបានព្រមសងសំណងទៅដល់ម្ចាស់ផ្ទះ និងបានហៅរថយន្តស្ទូច ដើម្បីស្ទូចយកទៅខេត្តសៀមរាបភ្លាមៗ ៕