ជប៉ុនប៉ាន់ស្មានថា ទៅថ្ងៃមុខអាចនឹងមានគ្រោះរញ្ជួយដីដ៏ធំមហិមា ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់ទ្រីលានដុល្លារ និងស្លាប់មនុស្សរាប់សែននាក់

ទីក្រុងតូក្យូ៖ ជប៉ុនប៉ាន់ស្មានថាទៅថ្ងៃមុខអាចនឹងមានគ្រោះរញ្ជួយដីដ៏ធំមហិមាធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់ទ្រីលានដុល្លារ និងស្លាប់មនុស្សរាប់សែននាក់។ នេះមិនមែនជាការព្យាករបែបលេងសើច ឬដើម្បីបំភិតបំភ័យទេ។ ប៉ុន្តែជាការរំលឹកដាស់តឿនមនុស្សទូទៅឱ្យត្រៀមលក្ខណៈទុកជាមុន បើមានអាសន្នអន្ធក្របែបនេះកើតឡើងតើត្រូវគិតយ៉ាងម៉េច?

ជប៉ុនបើជួបនឹងគ្រោះមហន្តរាយដល់ថ្នាក់នេះអាចនឹងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចជាង១៧០ទ្រីលានយ៉េន ឬស្មើនឹងជិតពាក់កណ្ដាលនៃជីឌីភី (GDP) ប្រចាំឆ្នាំរបស់ខ្លួន។ ជប៉ុនទស្សន៍ទាយថាទៅថ្ងៃមុខអាចនឹងមានគ្រោះរញ្ជួយដីដ៏ធំ។ ធំនេះមិនមែនធំធម្មតាទេ ប៉ុន្តែប្រៀបបាននឹងផែនដីក្រឡាប់ចាក់នៅមហាសមុទ្រប៉ាស៊ីហ្វិច ដែលបង្កើតជារលកយក្សស៊ូណាមី។

តាមសេណារីយោនេះ អគាររាប់រយខ្នងនឹងបាក់រលំ មនុស្សបីសែននាក់នឹងស្លាប់។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃចន្ទ។ ទំហំនៃការខូចខាតនេះច្រើនជាងការព្យាករកាលពីមុន។ មូលហេតុដោយសារតម្លៃសាច់ប្រាក់ចុះថោក (អតិផរណា) គួបផ្សំនឹងស្ថានភាពភូមិសាស្ត្រប្រែប្រួលនៅជប៉ុនដែលរងគ្រោះកាន់តែខ្លាំងដោយទឹកជំនន់។

ប្រទេសជប៉ុនកកើតឡើងនៅលើទីតាំងភូមិសាស្ត្រដែលងាយរងគ្រោះដោយការរញ្ជួយដី និងការផ្ទុះភ្នំភ្លើង។ ដូច្នេះ រដ្ឋាភិបាលព្យាករថាប្រទេសរបស់ខ្លួនមានឱកាសរហូតដល់៨០%នឹងជួបគ្រោះរញ្ជួយដីចាប់ពីចន្លោះ៨-៩រ៉ិចទ័រដែលនឹងកើតឡើងនៅបាតសមុទ្រ។ នៅក្នុងសេណារីយោដែលធ្ងន់ធ្ងរបំផុតដោយផ្អែកទៅលើបទពិសោធដែលជប៉ុនធ្លាប់ឆ្លងកាត់ការរញ្ជួយដីកម្រិត៩រ៉ិចទ័រ ប្រទេសជប៉ុនអាចនឹងជម្លៀសមនុស្សជាង១លាននាក់ ឬប្រហាក់ប្រហែលនឹង១%នៃប្រជាជនរបស់ខ្លួនសរុប។

របាយការណ៍របស់រដ្ឋាភិបាលជប៉ុនព្យាករបន្តទៀតថា រលកយក្សស៊ូណាមី និងការបាក់រលំអគាររាប់រយខ្នងដោយសារការរញ្ជួយដីខ្នាតធំដល់កម្រិតនេះអាចនឹងផ្ដាច់ផ្ដិលអាយុជីវិតរបស់មនុស្ស២៩៨០០០នាក់។ ប្រទេសជប៉ុនមានចង្អូរ ឬជង្ហុកបាតសមុទ្រឈ្មោះ Nankai Trough ដែលស្ថិតនៅបាតមហាសមុទ្រភាគនិរតី។ ជង្ហុកនេះមានបណ្ដោយប្រវែង៩រយគីឡូម៉ែត្រ។

ជានិច្ចកាល ស្រទាប់ខាងក្នុងរបស់ផែនដីតែងតែធ្វើចលនាបម្លាស់ទីដែលគេហៅថាការរំកិលម៉ាស់ទ្វីប។ ការរំកឹលនេះហើយដែលធ្វើឱ្យរញ្ជួយដី ជួនកាលរញ្ជួយនៅលើគោក និងជួនកាលរញ្ជួយនៅបាតសមុទ្រ។ ជប៉ុនប្រឈមនឹងការរញ្ជួយដី ហើយនិងរលកយក្សថែមទៀត។ បាតុភូតខ្នាតធំនេះតែងតែកើតឡើងម្ដងក្នុងរយៈពេលពី១០០-១៥០ឆ្នាំ។ កាលពីឆ្នាំ២០២៤ ជប៉ុនចេញសេចក្ដីណែនាំជាលើកដំបូងដើម្បីការពារខ្លួនក្រែងលោមានការរញ្ជួយដីខ្នាតធំកម្រិត៩រ៉ិចទ័រនៅជង្ហុកបាតសមុទ្រ។

ការចេញសេចក្ដីណែនាំនេះកើតឡើងបន្ទាប់មានគ្រោះរញ្ជួយដីកម្រិត៧,១រ៉ិចទ័រនៅប្រទេសជប៉ុនចំថ្ងៃចូលឆ្នាំសាកលតែម្ដង។ ម៉្យាងទៀត ជប៉ុនធ្លាប់ហែលឆ្លងអនុស្សាវរីយ៍ល្វីងជូរចត់កាលពីឆ្នាំ២០១១នៅពេលមានហេតុការណ៍រញ្ជួយដីផង រលកយក្សផង និងឆេះរោងចក្រនុយក្លេអ៊ែរនៅហ្វ៊ូគូស៊ីម៉ាផងបណ្ដាលឱ្យស្លាប់មនុស្សជាង១៥០០០នាក់។ ក្រឡេកទៅមើលព្រឹត្តិការណ៍នៅក្នុងគ្រានោះគួរឱ្យសង្វេគ និងរន្ធត់ណាស់។ កាលនោះ គ្រោះរញ្ជួយដីកម្រិត៩រ៉ិចទ័របានផុសចេញពីបាតសមុទ្រ បង្កជារលកយក្សស៊ូណាមីបោកផ្ទប់ច្រាំងសមុទ្រ។ កប៉ាល់តូចធំគ្រប់ប្រភេទត្រូវរលកយក្សបោកពន្លិចគ្មានសល់៕

អត្ថបទដែលជាប់ទាក់ទង