ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត លើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា បន្តខិតខំប្រឹងប្រែងរៀបចំកម្មវិធីផ្សេងៗ ដើម្បីផ្គូផ្គងអាជីវកម្មនិងវិនិយោគិនកម្ពុជា-ជប៉ុន
ភ្នំពេញ៖ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែលពីសំណាក់វិនិយោគិនជប៉ុនមួយចំនួន ដែលកំពុងធ្វើការវិនិយោគនៅកម្ពុជា ក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម វារីវប្បកម្ម ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
ក្នុងជំនួបនេះ ឯកឧត្តម Takahashi Fumiaki បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានឆ្លៀតពេលដ៏មានតម្លៃទទួលជួបរូបលោក និងគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា។
ឯកឧត្តម Takashi Fumiaki និងតំណាងវិនិយោគិនដទៃទៀត បានបង្ហាញនូវឆន្ទៈពង្រឹង និងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងជាពិសេសបានបង្ហាញនូវគំនិតផ្តួចផ្តើមរៀបចំជាយន្តការជាក់លាក់មួយ ដើម្បីជំរុញឱ្យសហគ្រាសធុនតូចនិងមធ្យមពីប្រទេសជប៉ុនមកវិនិយោគនៅប្រទេសកម្ពុជា និងផ្សារភ្ជាសហគ្រាសធុនតូចនិងមធ្យមនៅប្រទេសជប៉ុន និងនៅប្រទេសកម្ពុជា ដើម្បីពង្រីកការវិនិយោគ ពាណិជ្ជកម្ម និងផ្លាស់ប្តូរបទពិសោធ ចំណេះដឹង និងចំណេះធ្វើរវាងធុរកិច្ចនៃប្រទេសទាំងពីរ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវការគាំទ្រចំពោះឆន្ទៈរបស់សមាគមជប៉ុន-កម្ពុជា និងបានលើកទឹកចិត្តឱ្យមានការពិភាក្សាស៊ីជម្រៅបន្ថែមទៀតលើកិច្ចការរៀបចំយន្តការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមនៃប្រទេសជប៉ុន និងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យសមាគមពិភាក្សាផងដែរជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត ដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឱ្យការរៀបចំយន្តការនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចលេចជារូបរាងឡើងក្នុងពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា បន្តខិតខំប្រឹងប្រែងរៀបចំកម្មវិធីផ្សេងៗ ដើម្បីផ្គូផ្គងអាជីវកម្មនិងវិនិយោគិនកម្ពុជាជប៉ុន ដើម្បីម្ខាងជំរុញវិនិយោគិនជប៉ុនឱ្យមកចាប់យកឱកាសអាជីវកម្ម និងវិនិយោគនៅប្រទេសកម្ពុជាជាពិសេសក្នុងវិស័យឧស្សាហកម្មប្រតិគមន៍ ព្រមទាំងវិស័យផ្សេងៗទៀតដែលមានតម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់ផលិតកម្មដែលមានស្រាប់ និងម្ខាងទៀតគាំទ្រឱ្យវិនិយោគិនកម្ពុជាទៅវិនិយោគ ឬ ចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនជប៉ុនផងដែរ ដើម្បីបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធទៅវិញទៅមក និងកាត់បន្ថយគម្លាតផ្នែកជំនាញ ការគ្រប់គ្រង និងហិរញ្ញវត្ថុ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំរបសរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ជប៉ុនសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងកែលម្អបរិយាកាសវិនិយោគ និងពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង និងការប្រកួតប្រជែងដោយស្មើភាព ដើម្បីទាក់ទាញវិនិយោគិនពីបរទេស រួមទាំងពីប្រទេសជប៉ុនផងដែរ។
ឯកឧត្តម វង្សី វិស្សុត ក៏បានគូសរំលេចនូវចក្ខុវិស័យវែងឆ្ងាយនិងជាក់ស្តែងនិយមរបស់ សម្តេចធិបតី ក្នុងការអភិវឌ្ឍវិស័យសំខាន់ៗដែលជាខឿនសេដ្ឋកិច្ចជាតិ ជាពិសេសវិស័យសហគ្រាសធុនតូចនិងមធ្យម វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម និងបានលើកទឹកចិត្តឱ្យសមាគមបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន ដើម្បីវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា៕