បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី “បច្ចុប្បន្នភាពការងារជំនាញផ្ទៃក្នុង ប.ស.ស.” ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក ប.ស.ស. ទទួលបានចំណេះដឹង និងបទពិសោធន៍កាន់តែច្រើនក្នុងការបំពេញភារកិច្ចរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្ដីពី “បច្ចុប្បន្នភាពការងារជំនាញផ្ទៃក្នុង ប.ស.ស.” នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ ប.ស.ស. ស្នាក់ការកណ្តាល និងប្រធាន អនុប្រធាន សាខា ប.ស.ស. ខេត្ត-ខណ្ឌ ប្រមាណជាង ៣០០រូប នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានថ្លែងដោយក្តីជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ យកទៅអភិវឌ្ឍលើការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរ និងប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបន្តចែករំលែកចំណេះដឹងទៅដល់មន្ត្រី និងបុគ្គលិកនៅតាមនាយកដ្ឋាន និងសាខាខេត្ត-ខណ្ឌ របស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសម្តែងនូវអំណរគុណចំពោះវត្តមានសិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បច្ចុប្បន្នភាពការងារជំនាញផ្ទៃក្នុង ប.ស.ស.” រយៈពេល៣ថ្ងៃកន្លះនេះ ដោយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានផ្ដល់កិត្តិយសអញ្ជើញប្រគល់វិញ្ញាបនបត្រដោយផ្ទាល់ជូនដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ៕

អត្ថបទដែលជាប់ទាក់ទង