មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ៖ ការដាក់សម្ពោធអាគារស្នាក់នៅ របស់កុមាររបស់អង្គការបេសកកម្ម នៃក្តីស្រឡាញ់ គឺជា ការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា និងពង្រឹងវិស័យអប់រំ នៅទីជនបទដាច់ស្រយ៉ាល

កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចលោក តូច ចាន់នី បានលើកឡើងថាការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារស្នាក់នៅរបស់អង្គការបេសកកម្មនៃក្តីស្រឡាញ់គឺការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជានិងពង្រឹងវិស័យអប់រំនៅទីជនបទដាច់ស្រយ៉ាល។ការលើកឡើងបែបនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារស្នាក់នៅកុមាររបស់អង្គការបេសកកម្មនៃក្តីស្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។
លោក តូច ចាន់នី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានលើកឡើងថា ការពង្រឹងគុណភាពវិស័យអប់រំគឺជាអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ហើយសាលារៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលចំណេះជំនាញ និងសុជីវធម៌រស់នៅប្រចាំថ្ងៃដេីម្បីឱ្យសិស្សានុសិស្សក្លាយជាធនធានដ៏មានសក្កានុពលនៅក្នុងសង្គម។ទន្ទឹមគ្នានេះ ការចូលរួមនិងយកចិត្តទុកដាក់របស់អាណាព្យាបាល រួមទាំងពេលវេលា ក្តីស្រលាញ់ ការទំនុកបំរុង និងការប្រាស្រ័យទាក់ទង នឹងកាន់តែរួមចំណែកក្នុងការជំរុញ និងគាំទ្រកុមារឱ្យក្លាយទៅជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ និងសង្គមជាតិ។
លោក តូច ចាន់នី បានលើកឡើងដោយគូសបញ្ជាក់ថាការចូលរួមសហការរបស់អង្គការបេសកកម្មនៃក្តីស្រឡាញ់គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនិងការអប់រំនៅកម្ពុជា។ដូច្នេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅតែស្វាគមន៍ជានិច្ចជាមួយដៃគូពាក់ព័ន្ធ និងអង្គការនានាដើម្បីជួយដល់កុមាររងគ្រោះនៅកម្ពុជាឱ្យមានជីវភាពនិងជីវិតរស់នៅល្អប្រសើរថែមមួយកម្រិតទៀត។
ទន្ទឹមនិងការលើកឡើងនោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចក៏បានក្រើនរំលឹកដល់ប្រធានអង្គការបេសកកម្មនៃក្តីស្រឡាញ់ត្រូវផ្តល់សេវាថែទាំបានល្អប្រសើរ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំកុមារកំព្រា កុមារក្រីក្រ និងកុមារងាយរងគ្រោះទាំងអស់តាមរយៈការផ្ដល់អន្តេវាសិកដ្ឋាន ការហូបចុក ការថែទាំសុខភាពនិងការអប់រំបណ្តុះបណ្តាលចំណេះជំនាញ ដើម្បីឱ្យពួកគេមានសមត្ថភាព ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតបានដោយខ្លួនឯងនាពេល អនាគត និងមិនមានការរើសអើងកុមារ ផ្តោតលើការគោរពសិទ្ធិកុមារ និងអនុវត្តតាមបទដ្ឋានថែទាំជំនួសអប្បរមារបស់ក្រសួងសង្គមកិច្ច។
សូមបញ្ជាក់ថា អង្គការបេសកកម្មនៃក្តីស្រឡាញ់ជាអង្គការមិនស្វែងរកប្រាក់ចំនេញ បង្កើតនៅឆ្នាំ២០១៤។អង្គការនេះបានសាងសង់អាគារសិក្សាសាលាអន្តរជាតិសេចក្តីសង្ឃឹមតែមួយនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយបច្ចុប្បន្នមានកុមារស្នាក់នៅ រៀនសូត្រប្រមាណ៣៥០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង