នាយករដ្ឋមន្រ្តីអ៉ីស្រាអែល នឹងធ្វើដំណើរទៅអាមេរិក ដើម្បីជួបលោក ត្រាំ ជាថ្មីម្តងទៀត

(ហ៊្សេរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីបញ្ហាផ្សេងៗ រួមមានទាំងការគំរាមកំហែងរបស់អ៉ីរ៉ង់ និងរឿងពន្ធគយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការិយាល័យរបស់លោក Netanyahu បាននិយាយថា លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល នឹងបន្តដំណើរចេញពីប្រទេសហុងគ្រី ឆ្ពោះទៅកាន់វ៉ាស៉ីនតោនឌីស៉ី នាថ្ងៃអាទិត្យនេះ ហើយអំឡុងជំនួបជាមួយលោក ត្រាំ ក៏នឹងមានការជជែកផងដែរអំពី ទំនាក់ទំនងរវាងអ៉ីស្រាអែល-តួកគី កិច្ចប្រឹងប្រែងរំដោះចំណាប់ខ្មាំងនៅហ្កាហ្សា និងការតតាំងរបស់អ៉ីស្រាអែល ប្រឆាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលបានដីកាចាប់ខ្លួន លោក Netanyahu ក្រោមការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម នៅហ្កាហ្សា។

គួរបញ្ជាក់ថា បើតាមប្រភពពីមន្រ្តីអ៉ីស្រាអែលនិងមន្រ្តីសេតវិមាន លោក Netanyahu នឹងជួបលោក ត្រាំ នៅថ្ងៃចន្ទ ទី៧ ខែមេសា។ ជំនួបទល់មុខផ្ទាល់ភ្លាមៗបែបនេះ អាចជាកិច្ចប្រឹងប្រែងដំបូងបង្អស់ របស់មេដឹកនាំបរទេស ដើម្បីចរចាជាមួយលោក ត្រាំ ក្រោយអាមេរិកប្រកាស វិធានការយកពន្ធគយឱ្យស្មើភាពជាសកល។ កាលពីខែកុម្ភៈកន្លងទៅ លោក Netanyahu បានក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅសេតវិមាន អំឡុងអាណត្តិទី២ របស់លោក ត្រាំ។ ជំនួបនាពេលនោះរវាងមេដឹកនាំទាំងពីរ បានផ្តោតជាចម្បងលើបញ្ហាសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាស នៅហ្កាហ្សា៕

អត្ថបទដែលជាប់ទាក់ទង