ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងសហការី បានអញ្ជើញពិនិត្យមើលការប្រមូលទិញស្វាយចន្ទីនៅឃ្លាំងចំនួន២កន្លែង ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងទីលានហាលគ្រាប់ស្វាយចន្ទីដ៏ធំមួយកន្លែងទៀត ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានសមត្ថភាពស្តុកសរុបចំនួន ៦.០០០តោន។
តាមរយៈការអញ្ជើញពិនិត្យមើលរបស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅឃ្លាំងប្រមូលទិញស្វាយចន្ទីខាងលើគឺ៖ ទី១. ឃ្លាំង ៩៩៩ ឈ្មោះ ងួន វណ្ណៈ និងអាងឡៃអ៉ឹម ប្រមូលទិញចន្លោះ ៥០០ ទៅ ៦០០តោន ហើយឃ្លាំងមួយកន្លែងទៀតស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបច្ចុប្បន្ន កំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ ក្នុង១ថ្ងៃ ៥០០តោន តម្លៃ ៥,១០០រៀល ទៅ ៥,៣០០រៀល ក្នុង១គីឡូក្រាម។
បន្ទាប់ពីបានអញ្ជើញពិនិត្យមើលទីតាំងទាំង២ខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំដល់ម្ចាស់ទីលានហាលខាងលើឲ្យពិចារណាទិញប័ណ្ណធានារ៉ាប់រងអគ្គីភ័យ ដើម្បីការពារហានិភ័យដែលអាចកើតឡើង ដោយយថាហេតុ ដូចជាករណីអគ្គិភ័យជាដើម។
សូមជម្រាបជូនថា កាលពីឆ្នាំ២០២៤ ទីលានហាលចន្ទីខាងលើស្ថិតក្នុងស្រុកសន្ទុកខេត្តកំពង់ធំនេះបានទិញចន្ទីយកមកហាល និងស្តុកទុកប្រមាណ ២.០០០តោន សម្រាប់នាំចេញចន្ទីស្ងួតទៅប្រទេសចិន វៀតណាម និងប្រទេសឥណ្ឌាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង