ថ្នាក់ដឹកនាំខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញទទួលស្វាគមន៍ លោកជំទាវ តុន ង៉ុកហាញ់ សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការគណៈកម្មាធិការបក្សខេត្តប៊ិញភឿក នៃសាធារណ: រដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ហា អាញ់យ៉ុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តប៊ិញភឿក បានដឹកនាំប្រតិភូ ចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ និងប្រជាជនខេត្តក្រចេះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នា ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោកជំទាវ តុន ង៉ុកហាញ់ បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំខេត្តក្រចេះ ដែលអនុញ្ញាតឱ្យគណៈប្រតិភូខេត្តប៊ិញភឿក ចូលជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។
លោកជំទាវ សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សខេត្តប៊ិញភឿក បានថ្លែងនូវការគោរពជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តក្រចេះ សូមទទួលបាននូវសិរីសួស្តីក្នុងឆ្នាំថ្មី និងមានសុខភាពល្អបរិបូណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ស្វាគមន៍ រាយការណ៍ពីការទំនាក់ទំនងយ៉ាងស្អិតរមួត ក្នុងកិច្ចសហប្រតិបត្តិការ រវាងខេត្តក្រចេះ និងខេត្តប៊ិញភឿក តែងតែបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការឆ្លងដែនទៅវិញទៅមក ក្នុងការដោះដូរទំនិញចេញ.ចូល ឬក៏ទៅសួរសុខទុក្ខបងប្អូន ញាតិមិត្ត។
ឯកឧត្តមអភិបាលខេត្តក្រចេះ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ខេត្តប៊ិញភឿក ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញមកជូនពរថ្នាក់ដឹកនាំខេត្តក្រចេះ ក្នុងឱកាសដែលប្រជាជនកម្ពុជា និងប្រជាជនខេត្តក្រចេះ នឹងរៀបចំទទួលអំណរសាទរ ឆ្នាំថ្មីខាងមុខនេះ។
ឯកឧត្តម វ៉ា ថន ជឿជាក់ថា ខេត្តក្រចេះ និងខេត្តបិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបន្ដកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អទៅមុខបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង