ប្រជាជនអាមេរិក ធ្វើបាតុកម្មទ្រង់ទ្រាយធំជាលើកដំបូង ប្រឆាំងគោលនយោបាយរបស់លោក ត្រាំ នៅអាណត្តិទី២
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ប្រជាជនអាមេរិកខ្ទង់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ទូទាំងសហរដ្ឋអាមេរិក ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង គោលនយោបាយដ៏ចម្រូងចម្រាស របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ខណៈវាគឺជាសកម្មភាពបាតុកម្មធំបំផុត គិតចាប់តាំងពីរូបលោក បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ប្រជាជនអាមេរិកទាំងឡាយ ដែលមិនពេញចិត្តចំពោះ គោលនយោបាយរបស់ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ រួមមានចាប់ពី ការជម្រុះបុគ្គលិករដ្ឋ និងការបង្រ្កាបជនអន្តោប្រវេសន៍ រហូតដល់ការថយចុះសិទ្ធិសេរីភាពពលរដ្ឋ និងរឿងពន្ធគយ បានប្រមូលផ្តុំគ្នាតវ៉ា នៅតាមទីក្រុងនិងរដ្ឋដូចជា Washington, New York, Houston, Florida, Colorado និង Los Angeles ជាដើម ក្នុងចំណោមទីតាំងជាច្រើនផ្សេងទៀត។
ក្រោយឡើងកាន់អំណាចបានត្រឹមប៉ុន្មានខែ លោក ត្រាំ បានបង្កឱ្យប្រជាជនអាមេរិកជាច្រើន មានការខឹងសម្បាររួចជាស្រេច តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្រួមរដ្ឋាភិបាល, បង្ខំឱ្យមានការទទួលយកគុណតម្លៃអភិរក្សនិយមនៅគ្រប់កន្លែង, ដាក់សម្ពាធជាទម្ងន់ទៅលើបណ្តាប្រទេសជាមិត្ត ជុំវិញបញ្ហាអន្តោប្រវេសន៍និងពាណិជ្ជកម្ម ហើយបង្កើតភាពស្រពេចស្រពិល ដែលធ្វើឱ្យទីផ្សារភាគហ៊ុន ដាំក្បាលចុះយ៉ាងគំហុក។
គួរបញ្ជាក់ថា ទោះជាបែបនេះក៏ដោយ លោក ត្រាំ ហាក់នៅតែមានប្រជាប្រិយភាពដដែល ក្នុងចំណោមក្រុមអ្នកគាំទ្រស្នូលរបស់ខ្លួន ហើយកាលពីថ្ងៃសុក្រសប្តាហ៍នេះ រូបលោកបានប្រកាសថា គោលនយោបាយរបស់លោក នឹងគ្មានថ្ងៃប្រែប្រួលនោះឡើយ៕