ក្រៅពីនៅអាមេរិក ការធ្វើបាតុកម្មកើតមានឡើងដូចគ្នា ក្នុងទីក្រុងធំៗនៅអឺរ៉ុប ដើម្បីប្រឆាំងលោក ដូណាល់ ត្រាំ និងមហាសេដ្ឋី Elon Musk

(អឺរ៉ុប)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ក្រៅពីការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិកផ្ទាល់ សំដៅប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅតាមទីក្រុងនានារបស់អឺរ៉ុប ក៏មានសកម្មភាពតវ៉ាដូចគ្នាដែរ ប្រឆាំងនឹងលោក ត្រាំ ព្រមទាំងទីប្រឹក្សាជំនិតរបស់លោក គឺមហាសេដ្ឋីអាមេរិក លោក Elon Musk បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ បានរងភាពរង្គោះរង្គើជាខ្លាំង ក្រោយលោក ត្រាំ ប្រកាសវិធានការយកពន្ធគយជាសកលដ៏ចម្រូងចម្រាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
មនុស្សរាប់រយនាក់ ដែលភាគច្រើនជាពលរដ្ឋអាមេរិករស់នៅក្រៅប្រទេស និងគាំទ្រគណបក្សប្រជាធិបតេយ្យ បាននាំគ្នាប្រមូលផ្តុំ នៅតាមទីក្រុងធំៗរបស់អឺរ៉ុប រួមមានដូចជា Frankfurt និង Berlin នៃប្រទេសអាល្លឺម៉ង់, Paris នៃប្រទេសបារាំង, London នៃចក្រភពអង់គ្លេស និង Lisbon នៃប្រទេសព័រទុយហ្កាល់ ក្នុងចំណោមទីក្រុងផ្សេងៗទៀត។ ក្រុមអ្នកតវ៉ាបានទាមទារឱ្យ លោក ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ ចុះចេញពីតំណែង, ប្រឆាំងជនប្រើអំណាចផ្តាច់ការ, គោរពនីតិរដ្ឋ, ស្រោចស្រង់ប្រជាធិបតេយ្យឡើងវិញ និងបិទបញ្ចប់ភាពវឹកវរ នៅសហរដ្ឋអាមេរិក។ សម្រាប់នៅទីក្រុង Berlin រួមមានទាំង ការតវ៉ានៅមុខហាងលក់រថយន្ត Tesla ហើយអ្នកតវ៉ាបានលើកបដារិះគន់ លោក Musk និងស្ថាប័នប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE ដែលរូបលោកដឹកនាំ។
ចំណែកនៅសហរដ្ឋអាមេរិកផ្ទាល់វិញ ប្រជាជនអាមេរិកខ្ទង់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងនិងរដ្ឋ ទូទាំងសហរដ្ឋអាមេរិក ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង គោលនយោបាយដ៏ចម្រូងចម្រាស របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ខណៈវាគឺជាសកម្មភាពបាតុកម្មធំបំផុត គិតចាប់តាំងពីរូបលោក បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា។
ប្រជាជនអាមេរិកទាំងឡាយ ដែលមិនពេញចិត្តចំពោះ គោលនយោបាយរបស់ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ រួមមានចាប់ពី ការជម្រុះបុគ្គលិករដ្ឋ និងការបង្រ្កាបជនអន្តោប្រវេសន៍ រហូតដល់ការថយចុះសិទ្ធិសេរីភាពពលរដ្ឋ និងរឿងពន្ធគយ បានប្រមូលផ្តុំគ្នាតវ៉ា នៅតាមទីក្រុងនិងរដ្ឋដូចជា Washington, New York, Houston, Florida, Colorado និង Los Angeles ជាដើម ក្នុងចំណោមទីតាំងជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ថា ក្រោយឡើងកាន់អំណាចបានត្រឹមប៉ុន្មានខែប៉ុណ្ណោះ លោក ត្រាំ បានបង្កឱ្យប្រជាជនអាមេរិកជាច្រើន មានការខឹងសម្បាររួចជាស្រេច តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្រួមរដ្ឋាភិបាល, បង្ខំឱ្យមានការទទួលយកគុណតម្លៃអភិរក្សនិយមនៅគ្រប់កន្លែង, ដាក់សម្ពាធជាទម្ងន់ទៅលើបណ្តាប្រទេសជាមិត្ត ជុំវិញបញ្ហាអន្តោប្រវេសន៍និងពាណិជ្ជកម្ម ហើយបង្កើតភាពស្រពេចស្រពិល ដែលធ្វើឱ្យទីផ្សារភាគហ៊ុន ដាំក្បាលចុះយ៉ាងគំហុក។ ទោះជាបែបនេះក៏ដោយ លោក ត្រាំ ហាក់នៅតែមានប្រជាប្រិយភាពដដែល ក្នុងចំណោមក្រុមអ្នកគាំទ្រស្នូលរបស់ខ្លួន ហើយកាលពីថ្ងៃសុក្រសប្តាហ៍នេះ រូបលោកបានប្រកាសថា គោលនយោបាយរបស់លោក នឹងគ្មានថ្ងៃប្រែប្រួលនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង