កំណាត់ផ្លូវជាតិលេខ៦ (ថ្នល់កែង ខេត្ដកំពង់ចាម-អង្រ្គង ខេត្តសៀមរាប) បានជួយធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ កាន់តែល្អប្រសើរឡើងជាងមុន
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៦ (ថ្នល់កែង ខេត្ដកំពង់ចាម-អង្រ្គង ខេត្តសៀមរាប) ជាខ្សែផ្លូវដ៏មានសក្តានុពល តភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា តភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយដែលបានស្តារ និងសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងបញ្ជាក់ថា “ក្រៅពីភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការធ្វើដំណើរ និងដឹកជញ្ជូន កំណាត់ផ្លូវនេះបានជួយធ្វើឱ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ កាន់តែល្អប្រសើរឡើងជាងមុន តាមរយៈកំណើននៃការអភិវឌ្ឍវិនិយោគ និងទេសចរណ៍ នៅតាមសហគមន៍នីមួយៗ”។
សូមជម្រាបជូនថា កំណាត់ផ្លូវនេះ មានប្រវែងសរុប ២៤៨,៥៣ គីឡូម៉ែត្រ ក្រាលបេតុង កៅស៊ូ AC ចាប់ពីថ្នល់កែង ខេត្ដកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨៕