នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងកម្លាំងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ទិសយោធភូមិភាគទី២
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ចើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំថវិកាឧបត្ថម្ភកងកម្លាំងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ទិសយោធភូមិភាគទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ពិធីនេះធ្វើឡើងនៅទីបញ្ជាការវរសេនាតូចលេខ២២៥ ស្ថិតក្នុងភូមិសាស្រ្តស្រុកស្នួល ខេត្តក្រចេះ ដោយមានការចូលរួមពីកងឯកភាពឈរជើងការពារព្រំដែនចំណុះតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ កងរាជអាវុធហត្ថស្រុកស្វាយទាប ស្រុកព្រះស្តេច ស្រុកស្នួល, ស្រុកពញ្ញាក្រែក និងស្នាក់ការលេខ៧០១។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងតែបានយកចិត្តទុកដាក់ពីសុខទុក្ខកងទ័ព និងក្រុមគ្រួសារកងទ័ព។
ឯកឧត្តម អគ្គមេបញ្ជាការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងការពារព្រំដែនទាំងអស់ នៅទិសយោធភូមិភាគទី២ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពដែនដី ការពារសុខសន្តិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
ទន្ទឹមនេះ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ដល់ការគ្រប់គ្រងកម្លាំង មធ្យោបាយ សម្ភារៈ ការគោរពវិន័យ សេចក្តីថ្លៃថ្នូររបស់កងទ័ព ព្រមទាំងទំនាក់ទំនងល្អជាមួយប្រទេសជាប់ព្រំដែន ធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ស្របពេលដែលពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានជូនពរដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលកំពុងបំពេញការងារនៅតាមបន្ទាត់ព្រំដែន សូមមានសុខភាពល្អ កម្លាំងមាំមួន ទទួលជោគជ័យក្នុងភារកិច្ច ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕