អគ្គិភ័យបំផ្លាញផ្ទះមួយខ្នង នៅចំណុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ នៅបាត់ដំបង
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២៥ នៅចំណុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលម្ចាស់ផ្ទះមានឈ្មោះ ព្រំ វណ្ណា ភេទស្រី អាយុ ៦៧ ឆ្នាំ។
លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងពេលទៀបភ្លឺ ខណៈដែលម្ចាស់ផ្ទះស្ទើរតែមិនទាន់ភ្ញាក់ដឹងខ្លួននៅឡើយ ក៏ចាប់ផ្ដើមផ្អើលឆោឡោតែម្ដងខណៈដែលបើកភ្នែកឡើងឃើញអណ្ដាតភ្លើងសន្ធោសន្ធៅ។
ភ្លាមៗនោះដែរ លោកវរសេនីយ៍ទោ ឈឿង គឹមសាន អធិការរង បានដឹកនាំ កម្លាំង ផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណ: កម្លាំងអន្តរាគមន៍ បានចុះទៅសហការ ជាមួយកម្លាំងការិយាល័យអគ្គីភ័យខេត្ត ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿង ដើម្បីអន្តរាគមន៍ធ្វើការទប់ស្កាត់មិនឲ្យរាលដាលទៅផ្ទះអ្នកដទៃ។
នៅក្នុងហេតុការណ៍នៃគ្រោះអគ្គីភ័យនេះ គឺបានឆេះផ្ទះ ទំហំ៧ម x ៩ម ដោយឆេះទាំងស្រុងរីឯកាខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះទាំងអស់នោះគឺនៅមិនទាន់ទទួលបាន ចម្លើយពីម្ចាស់ផ្ទះនៅឡើយទេ ដោយសារតែករណីនេះបានកើតឡើងនៅពេលទៀបភ្លឺតែម្ដង ហើយក៏មិនមានការប៉ះពាល់ដល់អាយុជីវិតមនុស្សឬសត្វឡើយ ៕