អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តប្រជាពលរដ្ឋ គោរពស្រឡាញ់វប្បធម៌ប្រពៃណី
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកទឹកចិត្តប្រជាពលរដ្ឋគោរពស្រឡាញ់វប្បធម៌ប្រពៃណី ព្រះពុទ្ធសាសនា ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ ទើបរដ្ឋបាលក្រុង ខេត្ត សម្រេចរៀបចំសង្ក្រាន្តនៅតាមតំបន់ទេសចរណ៍ វត្តអារាមនានាក្នុងខេត្តព្រះសីហនុ។
នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាធិបតីក្នុងព្រឹត្តិការណ៍ “សង្ក្រាន្ត អ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង” នៅឆ្នេរឡុងសិត ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នកកោះ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានមកចូលរួមលេងកម្សាន្តសង្ក្រាន្តកោះរ៉ុងនាឱកាសនេះ ដើម្បីទេសចរណ៍កោះរ៉ុង ឱ្យមានភាពទាក់ទាញ និងប្រកបដោយភាពរីករាយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានអញ្ជើញមកលេងតំបន់កោះក្នុងខេត្តព្រះសីហនុ ព្រោះឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ ដែលរដ្ឋបាលក្រុងកោះរ៉ុង ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់រៀបចំសង្ក្រាន្តនៅគ្រប់ក្រុង ស្រុក និងទីតាំងតំបន់កម្សាន្តនានាតាមតំបន់ឆ្នេរ និងរូបសំណាកព្រះថោងនាងនាគ ដែលមានទីធ្លាធំទូលាយ ដើម្បីបង្កើតជាល្បែងប្រជាប្រិយ៍ និងរាំលេងកម្សាន្តក្នុងរដូវចូលឆ្នាំខ្មែរប្រកបដោយភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព ដើម្បីទេសចរណ៍កោះរ៉ុង ជាពិសេសការបង្ហាញពីវប្បធម៌ អរិយ្យធម៌ និងទំនៀមទំលាប់ប្រពៃណីខ្មែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកពីទឹកចិត្តប្រជាពលរដ្ឋគោរពស្រឡាញ់វប្បធម៌ប្រពៃណី ព្រះពុទ្ធសាសនា ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ទើបរដ្ឋបាលក្រុង ខេត្តសម្រេចរៀបចំសង្ក្រាន្តនៅតាមតំបន់ទេសចរណ៍ វត្តអារាមនានាក្នុងខេត្តព្រះសីហនុ ជាពិសេសសម្រាប់ថ្ងៃនេះនៅលើឆ្នេរតំបន់ដីកោះ ក្នុងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ដោយមានការរៀបចំតុបតែងលម្អសង្ក្រាន្ត និងការរៀបចំសម្អាតអនាម័យ បរិស្ថាននៅតាមឆ្នេររបស់យើងសម្រាប់អបអរសាទរសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រិត្តិទៅចាប់ពីថ្ងៃទី០៥ ខែមេសា ២០២៥នេះ សម្រាប់អ្នកក្រុងកោះរ៉ុង ព្រោះវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ក៏មានការសម្តែងសិល្បៈមានដូចជា របាំឆៃយ៉ាំ របាំជូនពរ របាំគ្រុឌ រាំវង្ស សារ៉ាវ៉ាន់ ឡាំលាវ និងមានលេងល្បែងប្រជាប្រិយ៍ជាច្រើនផ្សេងទៀតមានដូចជា វាយក្អម លោតបាវ ៕