លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ
នៅថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន១៤១៤នាក់ ដែលធ្វើឡើងទីតាំងអនុវិទ្យាល័យក្បាលដំរី ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ ជាច្រើនទៀតផងដែរ។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។ លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ជាពិសេសអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។
ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន១៤១៤នាក់ រួមមាន៖ វះកាត់តូចចំនួន៥៦នាក់ ពិនិត្យព្យាបាលរោគស្រ្តីចំនួន១១៩នាក់ សម្ភព និងអេកូសាស្ដ្រចំនួន១៨០ ពិនិត្យព្យាបាលមាត់ធ្មេញ ២៧៥នាក់ ផ្នែកជំងឺទូទៅ ចំនួន៧៨៥ សរុប១៤១៤នាក់។ ជាមួយគ្នានោះ ក៏មានការចែកវែនតាជូនដល់លោកយាយលោកតាចំនួន៦០០នាក់ ចែកកាតាប និងសម្ភារៈដល់សិស្សានុសិស្សចំនួន៦០០នាក់,ចែករទេះរុញជនពិការចំនួន២០គ្រឿង, ចែកកញ្ចប់អំណោយសម្ដេចតេជោជូនលោកយាយលោកតា ២០០នាក់ និងចែកកញ្ចប់អំណោយសម្ដេចតេជោជូនប្រជាពលរដ្ឋ ចំនួន៣០០បញ្ចប់ផងដែរ៕