ទិដ្ឋភាពនានា នៅតាមដងផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី០៦ ខែមេសា នេះ

(ភ្នំពេញ) ៖ ទិដ្ឋភាពនានា នៅតាមដងផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។

ក្នុងនាមអាជ្ញាធរ ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញលោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវអាជីវករអ្នកលក់ដូរតាមបណ្តោយផ្លូវថ្មើរជើង គឺហាមក្រាលកន្ទេលលក់ដូរ និងអង្គុយញាំលើស្មៅ លើសួនច្បារ ដែលបណ្តាលឲ្យងាប់ស្មៅ ងាប់ផ្កា និងប៉ះពាល់ដល់បរិស្ថាន។ មួយរយៈកន្លងមកនេះ គេសង្កេតឃើញមានការក្រាលកន្ទេលលក់ និងមានអ្នកអង្គុយញាំលើស្មៅ និងចាក់កាកសំណល់ តាមមាត់លូហើយថែមទាំងមានអ្នកទិញ កាន់មកញាំលើស្មៅដែរ គឺទាំងអ្នកលក់ និងអ្នកទិញត្រូវហាមមិនអោយអង្គុយលើស្មៅដាច់ខាត។
លោកស្រី ដោ សម្ផស្ស បានគូសបញ្ជាក់ថា ផ្លូវថ្មើរជើងជាតំបន់ស្ងួត ហាមលេងបាញ់ទឹក ជះទឹក។

តាមបណ្តោយផ្លូវថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យមានការលក់ដូរលើដងផ្លូវ នាពេលរាត្រី ភាគច្រើនជាផលិតផលផលិតដោយដៃ រួមទាំងការរៀបចំឱ្យមានការសម្តែងសិល្បះបុរាណសម័យ ច្រើនទម្រង់ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកលេងកម្សាន្ដ២ថ្ងៃ ក្នុងមួយសប្តាហ៏គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដោយឡែក សម្រាប់ពិធីបុណ្យចូលឆ្នាំ៣ថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យមានការលេងកម្សាន្ដបន្ថែម៣ថ្ងៃទៀត។
លោកអភិបាលបានអំពាវនាវអាជីវករលក់ដូរ នៅផ្លូវថ្មើរជើង ក៏ដូចបងប្អូនដែលមកលេងកម្សាន្ដ ឲ្យចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន, វេចខ្ចប់កាកសំណល់ហូបចុករួច ត្រូវច្រកក្នុងថង់ រួចយកទៅដាក់ក្នុងធុងសំរាមដែលនៅជិត ពោលត្រូវយល់ថា ទីក្រុងស្អាត មានអនាម័យល្អ គឺផ្តើមចេញពីយើងម្នាក់ និងធ្វើខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ដែលស៊ីវិល័យ និងថ្លៃថ្នូរ៕

អត្ថបទដែលជាប់ទាក់ទង