មិនបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយ និងមិនចែករំលែកព័ត៌មានក្លែងក្លាយ! ការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ
ភ្នំពេញ ៖ មិនបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយ និងមិនចែករំលែកព័ត៌មានក្លែងក្លាយ! ការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ។ យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ផ្នែកទី៣ ទាក់ទងនឹងសុក្រឹតភាពនៃព័ត៌មានចែងថា ១-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ (ទាំងអ្នកសារព័ត៌មានអាជីព អ្នកផលិតមាតិកា អ្នកសរសេរប្លុក អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកសារព័ត៌មានពលរដ្ឋ អ្នកមានប្រជាប្រិយលើបណ្តាញសង្គមជាដើម) ត្រូវឈរលើការពិត និងបង្ហាញព័ត៌មានពិត ចៀសវាងការផ្សាតយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ ព័ត៌មានមានលក្ខណៈខុសពីការពិត។ ២-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានត្រូវ (ក) ចូលរួមទប់ស្កាត់ ប្រឆាំងនឹងការផលិត និងផ្សព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ (ខ) ផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងបានផ្ទៀងផ្ទាត់ប្រភពត្រឹមត្រូវ (គ) ផ្ទៀងផ្ទាត់ឡើងវិញ និងកែតម្រូវក្នុងករណីបានចុះផ្សាយខុស ឬផ្សាយដោយភាន់ច្រឡំ (គ) រក្សាការសម្ងាត់នៃប្រភព (ឃ) ធានាតុល្យភាពព័ត៌មានប្រកបដោយសច្ចភាព យុត្តិធម៌ និងមិនលម្អៀង។ ៣-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ត្រូវចៀសវាង (ក) ការចុះផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬធ្វើការចោទប្រកាន់ដែលមិនមានភស្តុតាងគ្រប់គ្រាន់ និងច្បាស់លាស់ (ខ)កាឡៃព័ត៌មានតាមរូបភាពណាមួយដែលធ្វើឱ្យប្រាសចាកន័យដើម (គ) បញ្ចេញមតិផ្ទាល់ខ្លួនឈរលើបុរេវិនិច្ឆ័យ (ឃ) ច្របល់គ្នារវាង ការពិតដែលជាអង្គហេតុ និងការយល់ឃើញដែលជាទស្សនៈផ្ទាល់ខ្លួន (ង) កែប្រែព័ត៌មាន រូបភាព ឬវីដេអូ លុបបំបាត់ចោលផ្នែកព័ត៌មានសំខាន់ៗ ឬបន្លំឯកសារផ្សេងៗ ៕