តួលេខមនុស្សស្លាប់នៅប្រទេសថៃ គិតត្រឹមថ្ងៃសុក្រគឺមានចំនួន២៤នាក់ ភាគច្រើនជាកម្មករសំណង់ តើកម្មករ រងគ្រោះក្នុងហេតុការណ៍បាក់អគារនៅបាងកក ទទួលបានសំណងប៉ុន្មាន?
ប្រទេសថៃ នឹងផ្តល់សំណងដល់កម្មករដែលរងគ្រោះក្នុងហេតុការណ៍បាក់អគារសវនកម្មនៅទីក្រុងបាងកក ដោយគ្រូសារអ្នកស្លាប់នឹងទទួលបានប្រាក់មួយគ្រួសារចន្លោះពី១ទៅ២លានបាត។
តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី៦ខែមេសាឆ្នាំ២០២៥, សេចក្តីប្រកាសនេះគឺធ្វើឡើងដោយអគ្គលេខាធិការក្រសួងការងារថៃលោក Boonsong Thapchaiyuth ហើយមិនត្រឹមតែសំណងទេ ក្រសួងក៏នឹងធានារ៉ាប់រងថ្លៃព្យាបាលកម្មកររបួស តាមរយៈការិយាល័យសន្តិសុខសង្គមផងដែរ។
ទន្លឹមនោះ លោកធានាថា ទាំងកម្មករថៃនិងអ្នកមកពីក្រៅប្រទេស គឺក្រសួងនឹងយកចិត្តទុកដាក់យ៉ាងស្មើភាពគ្នាបំផុត សូមកុំបារម្ភ ប៉ុន្តែជូនដំណឹងថា សាច់ញាតិអ្នកស្លាប់អាចដាក់សំណើសុំសំណង ហើយដំណើរការពិនិត្យនឹងធ្វើឡើង រីឯការផ្តល់ប្រាក់នឹងរួចរាល់ក្នុងរយៈពេល១៥ថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ កម្មករដែលនឹងទទួលបានសំណងទាំងនេះ ត្រូវតែជាកម្មករចុះឈ្មោះក្នុងគម្រោងសន្តិសុខសង្គម ចំណែកកម្មករដែលមិនស្ថិតក្នុងគម្រោងនេះ ក្រសួងនឹងវាយតម្លៃផ្សេង។
លើសពីនេះ ក្រោមគម្រោងសន្តិសុខសង្គម, រាល់កម្មករដែលបាត់បង់ការងារដោយគ្រោះរញ្ជួយដី នឹងទទួលបានប្រាក់ឧបត្ថម្ភ ៧៥០០បាតក្នុងមួយខែ រយៈពេល៦ខែ។
សូមជម្រាបជាថ្មី រញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ជាមួយជម្រៅ១០គីឡូម៉ែត្រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយបំផ្លាញទីក្រុង Mandalay យ៉ាងធ្ងន់ធ្ងរ ហើយឥទ្ធិពលរបស់វាក៏ជះមកដល់ប្រទេសថៃផងដែរ ដោយប៉ះពាល់ខ្លាំងលើរាជធានីបាងកក ដល់់ថ្នាក់បណ្តាលឲ្យបាក់រលំអគារសវនកម្មនេះ។
តួលេខមនុស្សស្លាប់នៅប្រទេសថៃ គិតត្រឹមថ្ងៃសុក្រគឺមានចំនួន២៤នាក់ ភាគច្រើនជាកម្មករសំណង់ ដែលបាត់បង់ជីវិតក្នុងការបាក់អគារសវនកម្មរដ្ឋនៅខណ្ឌចតុចក្រ។