មនុស្សរាប់លាននាក់ ធ្វើបាតុកម្មប្រឆាំង Donald Trump និង Elon Musk ទូទាំងសហរដ្ឋអាមេរិក
កាលពីចុងសប្តាហ៍ ប្រជាជនអាមេរិករាប់លាននាក់បានចូលរួមក្នុងមហាបាតុកម្ម «Hands Off!» នៅទូទាំង៥០រដ្ឋ ដើម្បីបង្ហាញការប្រឆាំងគោលនយោបាយរបស់លោកប្រធានាធិបតី Donald Trump និងទីប្រឹក្សារបស់គាត់គឺ Elon Musk។
រៀបចំឡើងដោយសម្ព័ន្ធនៃអង្គការសិទ្ធិស៊ីវិល សហជីពការងារនិងក្រុមតស៊ូមតិជាង១៥០, បាតុកម្មទាំងនេះបានក្លាយជាការតវ៉ាទូទាំងប្រទេសទ្រង់ទ្រាយធំបំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើប។
បាតុកម្មនេះគឺប្រឆាំងនឹងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដឹកនាំដោយ Elon Musk ដែលបានអនុវត្តការកាត់បន្ថយកម្លាំងការងាររបស់សហព័ន្ធទ្រង់ទ្រាយធំ បណ្តាលឲ្យមានការបញ្ឈប់ការងារមនុស្សយ៉ាងច្រើន និងលុបបំបាត់កម្មវិធីរដ្ឋាភិបាលផ្សេងៗទៀត។
បញ្ហាមួយទៀតដែលបាតុករប្រឆាំងគឺ ការកាត់បន្ថយសេវាសង្គម។ ក្រុមបាតុករ បានសម្តែងក្តីបារម្ភចំពោះការកាត់បន្ថយសេវាសំខាន់ៗដូចជា សន្តិសុខសង្គមនិង Medicaid ដោយចាត់ទុកសកម្មភាពទាំងនេះថាជាការរំខានដល់ប្រជាជនដែលងាយរងគ្រោះ។
បញ្ហាធំមួយទៀត ដែលនាំឲ្យមានមហាបាតុកម្មនេះ គឺពាក់ព័ន្ធគោលនយោបាយសេដ្ឋកិច្ច ពិសេសការអនុវត្តនាពេលថ្មីៗនេះរបស់រដ្ឋបាល Trump លើពន្ធគយដែលបង្កអស្ថិរភាពសេដ្ឋកិច្ចយ៉ាងខ្លាំង ឈានដល់បង្កឲ្យមានហានិភ័យវិបត្តិសេដ្ឋកិច្ច។
ម្យ៉ាងវិញទៀត ការព្រួយបារម្ភអំពីសិទ្ធិស៊ីវិលក៏នាំឲ្យមានបាតុកម្មនេះដែរ ដោយក្រុមអ្នកតស៊ូមតិសិទ្ធិជនអន្តោប្រវេសន៍ និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា បានរិះគន់គោលនយោបាយនេះ រួមទាំងបរិហាការបង្រ្កាបផ្នែកអន្តោប្រវេសន៍ផងដែរ។
នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ជាកន្លែងដែលមានបាតុកម្មខ្លាំង ដោយបាតុករនាំគ្នាប្រមូលផ្តុំនៅឧទ្យាន National Mall ដោយស្រែកឲ្យលោក Donald Trump និង Elon Musk ចុះចេញពីតំណែង។
រីឯនៅទីក្រុង Los Angeles មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅហូលីវូដ ដោយកាន់សញ្ញា និងស្រែកប្រឆាំងសកម្មភាពរបស់រដ្ឋបាល។
យ៉ាងណាក្តី សេតវិមានបានការពារគោលនយោបាយរបស់ខ្លួន ដោយអះអាងថា រដ្ឋបាលមានការប្តេជ្ញាចិត្តក្នុងការរៀបចំរដ្ឋាភិបាលសហព័ន្ធឡើងវិញ និងអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ៕