ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃអង្គភាពកងវរសេនាតូចលេខ៤៤៦-៤៤៧ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងកម្លាំងការពារតាមស្រុក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវកតញ្ញូតាធម៌ដឹងគុណដ៏ជ្រាលជ្រៅ និងថ្លែងនូវការកោតសរសើរចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជំនះគ្រប់ឧបសគ្គ ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងបានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាបិតាសន្តិភាព និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពកងវរសេនាតូចលេខ៤៤៦-៤៤៧ ទាំងអស់ ដែលមានវត្តមាននៅទីនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កងទ័ពគឺជាសមរភូមិមុខ ហើយក្នុងនាមយើងខ្ញុំជាសមរភូមិក្រោយរង់ចាំជួយជ្រោមជ្រែងជាប់ជានិច្ច និងផ្តល់នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់កងទ័ព ទាំងស្មារតីនិងសម្ភារៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ណែនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់ក្រសួង ស្ថាប័ន អង្គភាពស៊ីវិល និងក្រុមហ៊ុនឯកជន ដើម្បីបានចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ផ្សារភ្ជាប់រវាងសមរភូមិមុខជាមួយសមរភូមិក្រោយ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យកងទ័ពឱ្យកាន់តែល្អប្រសើរឡើង។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាសរុបប្រមាណ ១០០លានរៀល ប្រគល់ជូនកងកម្លាំងទាំងអស់នៃអង្គភាពវរសេនាតូចលេខ៤៤៦-៤៤៧ និងកងកម្លាំងការពារតាមស្រុក ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង