រដ្ឋមន្រ្តី ឌិត ទីណា លេីកឡេីងពីគោលនយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង ការទទួលបានប្រាក់ចំនេញសម្រាប់កសិករ
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួមពិធីនាពេលនេះ សំដៅពិនិត្យស្វែងយល់ស៊ីជម្រៅស្គាល់ពីចំនុចខ្លាំង និងចំនុចខ្សោយនៃវិស័យកសិកម្មកម្ពុជា និងដាក់ផែនការរួម ផ្សាភ្ជាប់ផ្នែកកសិ-ឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងគោលដៅអភិវឌ្ឍផ្នែកសេដ្ឋកិច្ច បង្កេីនការវិនិយោគ ទាក់ទាញវិនិយោគិនទាំងនៅថ្នាក់តំបន់ និងសកលលោក។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងអំពីគោលនយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង ការទទួលបានប្រាក់ចំនេញសម្រាប់កសិករ ការលេីកកម្ពស់ជីវភាព និងមាននិរន្តរភាពសម្រាប់ធនធានកម្ពុជា ស្របតាមទស្សនទាន«មានហូប មានបាន មានប្រេី និងមានរហូត»។ ឯកឧត្តមរដ្ឋមន្រ្តី មមានការរំពឹងខ្ពស់ពីការចូលរួមជាជវភាពនៃប្រព័ន្ធតួអង្គតែមួយ នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឱ្យរីកចំរេីន អភិវឌ្ឍន៍គ្រប់អនុវិស័យ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ (FAO) ដែលបានសហការជាដៃគូយ៉ាងស្អិតរមួត និងដៃគូអភិវឌ្ឍន៍នានា អង្គការពាក់ព័ន្ធទាំងអស់ និងរាជរដ្ឋាភិបាលប្រទេសជាមិត្ត ដែលបានរៀបចំពិធីនេះឡេីងឱ្យចេញជារូបរាង និងត្រៀមកម្មវិធីធំនៅពេលខាងមុខ សំដៅបង្កេីនការវិនិយោគ អភិវឌ្ឍន៍ធុរកិច្ចកសិកម្ម៕