អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់យុវជំនាន់ក្រោយ ឱ្យរួមគ្នាថែរក្សា រួមគ្នាការពារ និងរួមគ្នា លើកកម្ពស់តម្លៃ សម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិជានិច្ចនិរន្តរ៍

កំពង់ស្ពឺ: អភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ពិធីប្រណាំងរទេះសាឡី គោលឿនឆ្នាំ២០២៥ គឺជាការរំលឹក ដល់គុណូបការៈរបស់បុព្វការីជន ដូនតាខ្មែរគ្រប់ជំនាន់ និងសូមឱ្យទិវានេះ ស្ថិតនៅជាអមតៈ ក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់ៗរូប និងយុវជនជំនាន់ក្រោយ ប្រកបដោយស្មារតីស្នេហាជាតិ និងសូមចូលរួមគ្នាថែរក្សា រួមគ្នាការពារ និងរួមគ្នាលើកកម្ពស់ តម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ជានិច្ចនិរន្តរ៍ ។
លោកបាននិយាយបែបនេះ ក្នុងពិធីប្រណាំងរទេះ សាឡីគោលឿន ដែលរៀបចំឡើង ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាព សហពន្ធ័យុវជនកម្ពុជា និងសមាគមន៍ចិញ្ចឹមគោ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លើទីលានមួយកន្លែងទល់មុខស្ថានីយប្រេង PTT ស្ថិតក្នុងភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមន ។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ការប្រណាំងរទេះសាឡី គោលឿននេះ គឺមានដើមកំណើតនិងដំបូងគេ នៅក្នុងខេត្តកំពង់ស្ពឺ ។ គោលបំណងចម្បង នៃការប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៥ គឺចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយស្រប តាមបរិបទនៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ។
ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ ក៏បានលើកទឹកចិត្តដល់គណកម្មការ ប្រណាំងឱ្យបង្កើននឹមគោ ឱ្យបានច្រើនរហូតដល់រយនឹម និងធំជាងបណ្តាឆ្នាំមុនៗ នៅឆ្នាំបន្ទាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងយុវជនជំនាន់ក្រោយ ។ ហើយក៏រំពឹងថា នៅឆ្នាំក្រោយៗទៀតនោះ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជធានី ខេត្តផងដែរ។ទន្ទឹមនោះដែរ លោកក៏បានក្រើនរំលឹកដល់ម្ចាស់គោ ឱ្យបង្កើតសិល្បៈប្លែកៗលើគោឬរទេះ ដើម្បីបង្កើនភាពទាក់ទាញ ឱ្យកាន់តែខ្លាំង ហើយពេលដែលរកឃើញថា រទេះឬគោក្នុងនឹមមួយណាទទួល បានការចាប់អារម្មណ៍ខ្លាំង និងទទួលបានការឧបត្ថម្ភបន្ថែម ពីគណកម្មការរៀបចំការប្រណាំង ។

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានឱ្យដឹងថា ខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោ មកពីបណ្តាខេត្តផ្សេងៗចូលរួម ។ ព្រឹត្តិការណ៍ នៃការរៀបចំពិធីប្រណាំងរទេះសាឡី គោលឿនតែងតែ ផ្តល់នូវស្នាមញញឹម ដល់បងប្អូនប្រជាពលរដ្ឋទូទៅ បានកម្សាន្តសប្បាយ ពិសេសគឺដើម្បីបង្ហាញពីប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលមានតាំងពីដូនតា រៀងមក ។ ហើយសម្រាប់ឆ្នាំនេះ គឺមានរទេះគោមកពីតាមបណ្តាខេត្ត ចំនួន៦៧នឹម បានចូលរួមប្រកួត ហើយសម្រាប់ការប្រណាំង ឆ្នាំនេះជ័យលាភីលេខ១ បានទៅគោអ្នកខេត្តកំពង់ចាម៕

អត្ថបទដែលជាប់ទាក់ទង