ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមរួចរាល់ហើយដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមកដល់ហើយនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីធានាឲ្យបានទាំងស្រុងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពរបៀបរៀបរយជូនដល់ប្រជាពលរដ្ឋ ដើម្បីកម្សាន្ដសប្បាយក្នុងពិធីបុណ្យចូលឆ្នាំនេះ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា គោលដៅសំខាន់ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ជាងគេនោះ គឺនៅតំបន់រម្មណីយដ្ឋានវត្តភ្នំពេញ ដែលត្រូវរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំ២០២៥ និងតាមបណ្ដាគោលដៅវត្តអារាម នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ ដែលរៀបចំសង្ក្រាន្ដ ព្រមទាំងភូមិឋានរស់នៅរបស់ប្រជាពលរដ្ឋ។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដោយអនុវត្តទៅតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។ ក្រៅពីការការពារសុវត្ថិភាព នៅទីតាំងសប្បាយភាពនានា កម្លាំងសមត្ថកិច្ចក៏ផ្ដោតការយកចិត្តទុកដាក់ផងដែរ លើការងារសណ្ដាប់ធ្នាប់ និងចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅតាមតំបន់ប្រមូលផ្ដុំ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ក្នុងការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងបង្កើនការយកចិត្តទុកដាក់ទ្វេរដងជាងបណ្ដាឆ្នាំកន្លងទៅ ដើម្បីធានាឲ្យបានទាំងស្រុងក្នុងពិធីបុណ្យនេះ និងបង្កបរិយាកាសឲ្យប្រជាពលរដ្ឋសប្បាយរីករាយ ប្រកបដោយភាពកក់ក្ដៅជាទីបំផុត ៕