ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ផ្តល់អំណោយជូនបងប្អូនកងទ័ពនៃអង្គភាពវរសេនាតូចលេខ៤៤៤-៤៤៥ ឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងមន្ទីរ ចុះសួរសុខទុក្ខបងប្អូនកងទ័ពនៃវរសេនាតូចលេខ៤៤៤ និងលេខ៤៤៥ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទតាក្របី នៃតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា ក្នុងដំណើរចុះសួរសុខទុក្ខកងទ័ពនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ ទីប្រឹក្សា លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីរាជការនៃក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូប។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូក្រសួង និងមន្ទីរ បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលជានិច្ចកាលឯកឧត្តមរដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខបងប្អូនកងទ័ពនៃវរសេនាតូចលេខ៤៤៤ និងលេខ៤៤៥ ក្នុងនាមជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ដែលជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងជាថវិកាសរុបប្រមាណ ៧០លានរៀល ជូនដល់បងប្អូនកងទ័ពតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ និងបានប្រគល់ជូននូវសមិទ្ធផលអំណោយឯកឧត្តមរដ្ឋមន្ត្រី ដែលរួមមាន៖ លេណដ្ឋាន ១កន្លែង ស្រះទឹក ១កន្លែង និងសំណង់លូមូលឆ្លងកាត់ផ្លូវជូនដល់អង្គភាពវរសេនាតូចលេខ៤៤៤ និងលេខ៤៤៥ ដើម្បីយកទៅប្រើប្រាស់ក្នុងការការពារបូរណភាពទឹកដីផងដែរ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ព ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងការការពារនូវបូរណភាពទឹកដី ការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយពុំខ្លាចការនឿយហត់។
សូមបញ្ជាក់ថា សម្ព័ន្ធមេត្រីភាពរវាងក្រសួងធនធានទឹក និងឧតុនិយម និងវរសេនាតូចលេខ៤៤៤ និងលេខ៤៤៥ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ត្រូវបានបង្កើតឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ឋសភា និងបានបន្តសកម្មភាពដល់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី្កនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្មារតីនៃការចែករំលែក និងបង្កលក្ខណៈឱ្យបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ចងសម្ព័ន្ធមេត្រីភាពជាមួយក្រសួង ស្ថាប័ន និងសប្បុរសជននានា និងចូលរួមជួយឧបត្ថម្ភ និងគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព ដែលជាទឹកចិត្តរបស់សមរភូមិក្រោយ ជូនចំពោះសមរភូមិមុខ ក្នុងន័យសម្ដែងនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ៕

អត្ថបទដែលជាប់ទាក់ទង