ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យជាក់ស្តែងស្ថានភាពសំណង់អាងទឹករក្សា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ
នៅរសៀលថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពសំណង់អាងទឹករក្សាដែលបានសាងសង់ឡើង ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថិតក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។
សូមជម្រាបថា ទំនប់អាងទឹករក្សា មានប្រភពទឹកពីស្ទីងសែន និងមានផ្ទៃរងទឹកភ្លៀងទំហំ ៧៦៤៥គីឡូម៉ែត្រការ៉េ ដែលមានលទ្ធភាពរក្សាទឹកទុកក្នុងរដូវវស្សាប្រមាណ ២៦០លានម៉ែត្រគូប មានសំណង់សំខាន់ៗដូចជា ទំនប់ប្រវែង ៣០៦៩ម៉ែត្រ ទទឹងខ្នងទំនប់ ៧ម៉ែត្រ ទ្វារទឹកចំនួន២០ កម្ពស់ ១៤,៥ម៉ែត្រ សំណង់នាំទឹកចំនួន ៣កន្លែង និង សំណង់អគារផ្សេងៗមានផ្ទៃក្រឡា ១៥០០ម៉ែត្រការ៉េ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ទំនប់អាងទឹករក្សាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយទឹកជំនន់ក្នុងតំបន់ និងសម្រាប់បម្រើឱ្យការងារស្រោចស្រពក្នុងវិស័យកសិកម្មនៅតំបន់ផ្នែកខាងក្រោម ជួយរក្សាប្រព័ន្ធអេកូឡូស៊ី និងជួយផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងសម្រាប់ការប្រើប្រាស់ពហុវិស័យ និងជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមក្នុងពេលបច្ចុប្បន្នផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលដ៏មានសារសំខាន់នេះ ជាពិសេសអនុវត្តការងារគ្រប់គ្រងប្រតិបត្តិការអាងទឹកឱ្យបានត្រឹមត្រូវច្បាស់លាស់ ហើយត្រូវពង្រឹងលើការងារជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការអនុវត្តការងារថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំទៅតាមលក្ខណៈបច្ចេកទេស ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាព ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាងទឹករក្សាប្រើរយៈពេល ៤៨ខែដើម្បីអនុវត្ត ដោយបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៩ និងបានបញ្ចប់ការងារក្នុងឆ្នាំ២០២២។ អាងទឹកនេះ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពបង្កើនផលិតផលកសិកម្មលើផ្ទៃដីប្រមាណ ១៤ម៉ឺនហិកតានៅរដូវវស្សា និងប្រមាណ ២ម៉ឺនហិកតានៅរដូវប្រាំង៕