ស្ត្រីម្នាក់ បើករថយន្ត១គ្រឿង ចេញពីផ្ទះក្នុងបំណងទៅស្រោចទឹករំដោះគ្រោះ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះ លុះពេលកំពុងបើកបរសុខៗ ស្រាប់តែរលត់ម៉ាស៊ីននៅតាមផ្លូវ ហើយក៏មានផ្សែងហុយចេញពីផ្នែកខាងក្រោយនៃរថយន្ត
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើង នៅ រសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿង ចេញពីផ្ទះក្នុងបំណងទៅស្រោចទឹករំដោះគ្រោះ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះ លុះពេលកំពុងបើកបរសុខៗស្រាប់តែរលត់ម៉ាស៊ីននៅតាមផ្លូវ ហើយក៏មានផ្សែងហុយចេញពីផ្នែកខាងក្រោយនៃរថយន្ត ។ បន្ទាប់មកក៏មានការឆាបឆេះសន្ធោសន្ធៅ បណ្ដាលឲ្យរងការខូចខាតខ្ទេចទាំងស្រុង នៅសល់តែគ្រោងដែក ក្លាយទៅជាដែកអេតចាយតែម្ដង ប៉ុន្តែស្ត្រីនោះបានបើកទ្វាររត់ចេញក្រៅទាន់ពេល មិនមានគ្រោះថ្នាក់ឡើយ ។
នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្ត១គ្រឿងនោះ បើកបរតាមផ្លូវបេតុងខាងលើ ហើយខណៈកំពុងតែបើកសុខៗក៏ស្រាប់តែឈប់ និងមានផ្សែងហុយចេញពីផ្នែកខាងក្រោយហុយទ្រលោម ។
ពេលនោះបានឃើញស្ត្រីអ្នកបើកបរបើកទ្វារចុះចេញក្រៅ និងស្រែកហៅឲ្យពួកគាត់ជួយ ប៉ុន្តែពួកគាត់មិនទាន់បានជួយផង ស្រាប់តែមានភ្លើងឆេះរថយន្តនោះសន្ធោសន្ធៅបាត់ទៅហើយ ។ ទើបពួកគាត់នាំគ្នាផ្ដល់ព័ត៌មានដល់រថយន្តពន្លត់អគ្គិភ័យឲ្យទៅបាញ់ពន្លត់ ហើយរថយន្តពន្លត់អគ្គិភ័យបានទៅដល់ជាបន្តបន្ទាប់២គ្រឿង ប៉ុន្តែបាញ់ទឹកអស់១រថយន្តក៏រលត់ទៅវិញ ហើយរថយន្តនោះបានរងការខូចខាតទាំងស្រុងក្លាយជាដែកអេតចាយបាត់ទៅហើយ ។
ស្ត្រីម្ចាស់រថយន្តបាននិយាយថា នៅមុនពេលកើតហេតុនាងបានបើករថយន្តម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៧ មួយគ្រឿងចេញពីផ្ទះនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្នុងបំណងទៅស្រោចទឹករំដោះគ្រោះ (ប៉ុន្តែអត់ប្រាប់ថា ទៅស្រោចទឹកនៅវត្ត ឬនៅគ្រូណានោះទេ ) ។ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរលត់ម៉ាស៊ីនលែងដំណើរការទៅមុខលែងរួច ហើយក៏មានផ្សែងហុយចេញពីផ្នែកខាងក្រោយហុយទ្រលោម ពេលនោះនាងបានបើកទ្វារចេញស្រែកឲ្យគេជួយដែរ ប៉ុន្តែមិនយូរប៉ុន្មាន ក៏ស្រាប់មានអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅខ្ទេចបែបនេះតែម្ដងដោយពុំដឹងថា បណ្ដាលមកពីអ្វីឡើយ ៕