ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់អាងទឹកកណ្តែក ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ

នៅរសៀលថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃនាយកដ្ឋានវិស្វកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់អាងទឹកកណ្តែក និងការងារសាងសង់សំណង់សិល្បការ្យ ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សូមជម្រាបថា ការងារដែលត្រូវអនុវត្តមានដូចជា៖ ទី១)ជួសជុលទំនប់ប្រវែង ៣ ២០០ម៉ែត្រ ទី២)សាងសង់សំណង់ទ្វារទឹកចំនួន ២កន្លែង ទី៣)សាងសង់សំណង់បង្ហៀរចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ និងទី៤) សាងសង់សំណង់ការពារជើងទេរទំនប់ប្រវែង ៤០០ម៉ែត្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤០%។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ឱ្យដឹងថា ការជួសជុលទំនប់អាងទឹកកណ្តែក នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៦៨១ហិកតា ស្រូវប្រាំងចំនួន ១១៥ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១ ០៧៤គ្រួសារ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានណែនាំដល់មន្រ្តីបច្ចេកទេសអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារជួសជុល និងសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង