ការគិតគូរអំពីសុខមាលភាពរបស់ពលដ្ឋ អ្នកប្រើប្រាស់ទំនិញនៅលើទីផ្សារគឺជាកិច្ចការសំខាន់ដែលត្រូវ តែមានការចូលរួមពីភាគីពាក់ព័ន្ធ ពិសេសគឺភាពសុច្ចរិតរបស់អ្នកលក់ទំនិញជាសំខាន់
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីសាខា (ក.ប.ប) ខេត្តបាត់ដំបង និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យទំនិញ គ្រឿងឧបភោគ បរិភោគ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះ និងតូបលក់ទំនិញនៅផ្សារ១៣មករា(ផ្សារថ្មី) ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបងខេត្តបាត់ដំបងចំនួន ១៣តូបក្នុងផ្សារ និងផ្ទះលក់ទំនិញជុំវិញផ្សារ បាន០៧ផ្ទះ ជាលទ្ធផល ពុំបានរកឃើញទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ និង ទំនិញខូចគុណភាពឡើយ។
ទោះជាយ៉ាងនេះក្តីមន្រ្តីជំនាញក៏បានធ្វើការ ណែនាំ ផ្សព្វផ្សាយបន្ថែមនូវនីតិវិធី ឯកសារគតិយុត្ត ដែលពាក់ព័ន្ធទំនិញ ព្រមទាំងបិទ និងចែកផ្ទាំង POSTER បានចំនួន២៣ផ្ទាំង ជូនដល់អាជីវករ លក់ដូរផងដែរ។
សូមជម្រាបជូនថា ប្រសិនបើគ្រឿងឧបភោគ បរិភោគ ឬទំនិញ ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវបានអ្នកលក់បន្តដាក់លក់ ឱ្យអ្នកប្រើប្រាស់ អាចបង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់សុខភាព ក្នុងករណីដែល អ្នកប្រើប្រាស់ មិនបានពិនិត្យមើលឱ្យបានដិតដល់ ឬមិនបានដឹងអំពីបញ្ហាទាំងនេះ ដែលកត្តានេះ តម្រូវឱ្យមានការចូលរួមពីអ្នកលក់ នូវ សុច្ចរិតភាព ហើយក៏ត្រូវ មានការត្រួតពិនិត្យពីមន្រ្តីជំនាញជាប់ជាប្រចាំផងដែរដើម្បីរួមចំណែកថែរក្សាបាននូវសុខមាលភាពអ្នកប្រើប្រាស់ទាំងអស់គ្នា ៕