ថៃ ជឿជាក់យ៉ាងមុតមាំថា វិស័យទេសចរណ៍ និងការចំណាយក្នុងអំឡុងពិធីសង្ក្រាន្តខាងមុខ នឹងនៅតែមានភាពរឹងមាំ និងកើនឡើងខ្លាំងក្លាដដែល

បាងកក៖ អ្នកនាំពាក្យរងរាជរដ្ឋាភិបាលថៃ លោក អនុគុល ព្រឹក្សានុស៍ក បានលើកឡើងថា រាជរដ្ឋាភិបាលថៃ ជឿជាក់យ៉ាងមុតមាំថា វិស័យទេសចរណ៍ និងការចំណាយក្នុងអំឡុងពិធីសង្ក្រាន្តខាងមុខ នឹងនៅតែមានភាពរឹងមាំ និងកើនឡើងខ្លាំងក្លាដដែល បើទោះបីជាប្រទេសក្បែរខាងកម្ពុជាមួយនេះរងគ្រោះដោយសារគ្រោះរញ្ជួយដីនាពេលថ្មីៗនេះក៏ដោយ។
អ្នកនាំពាក្យរងរាជរដ្ឋាភិបាលថៃ កាលពីថ្ងៃអាទិត្យទី៦មេសា បានលើកឡើងថា ការចំណាយក្នុងអំឡុងពេលបុណ្យសង្ក្រាន្តត្រូវបានព្យាករថា នឹងកើនឡើង៤,៥ភាគរយ ពោលគឺកើនឡើងដល់ ១៣៤ពាន់លានបាត ខណៈឆ្នាំមុនមានចំនួន១២៩ពាន់លានបាតប៉ុណ្ណោះ។
ទាក់ទងនឹងការផ្លាស់ប្ដូរផែនការចំណាយរបស់អ្នកធ្វើដំណើរបន្ទាប់ពីការរញ្ជួយដី លោក អនុគុល កត់សម្គាល់ថា អ្នកឆ្លើយតបភាគច្រើន ឬស្មើនឹង៧១,៧ភាគរយ លើកឡើងថា ការចំណាយនឹងមិនមានការផ្លាស់ប្ដូរទេ ខណៈ១៧,១ភាគរយបង្ហាញថា នាឱកាសពិធីបុណ្យសង្ក្រាន្តខាងមុខ គ្រោងនឹងបង្កើនការចំណាយ ហើយមានចំនួន១១,២ភាគរយរំពឹងថា ការចំណាយនឹងដាំក្បាលចុះ។
អ្នកឆ្លើយសំណួរស្ទង់មតិភាគច្រើនបានបង្ហាញឆន្ទៈថា ពួកគេនឹងបន្តសកម្មភាពពិធីបុណ្យសង្ក្រាន្តធម្មតារបស់ពួកគេ ប៉ុន្តែនឹងជៀសវាងប្រារព្ធក្នុងផ្ទះ ឬកន្លែងផ្សេងៗនៅក្នុងអគារខ្ពស់ៗ ក្រោយគ្រោះរញ្ជួយដីទើបតែវាយប្រហារថ្មីថ្មោង។
អ្នកនាំពាក្យរងរូបនេះសង្កត់ធ្ងន់ថា៖«មនុស្សអាចធ្វើដំណើរប្រកបដោយទំនុកចិត្តក្នុងអំឡុងពេលពិធីសង្រ្កាន្តឆ្នាំនេះ។ ទន្ទឹមនឹងរាជរដ្ឋាភិបាលបានណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យពន្លឿនលើការត្រួតពិនិត្យសុវត្ថិភាពសណ្ឋាគារ កន្លែងកម្សាន្តនានា នៅតាមតំបន់ទេសចរណ៍សំខាន់ៗ និងសំណង់អគារនៅតំបន់ដែលមានហានិភ័យខ្ពស់នៃគ្រោះរញ្ជួយដី ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរទាំងជាតិ[ថៃ] និងអន្តរជាតិ»។
លោក អនុគុល បន្ថែមថា៖«ភ្នាក់ងារសន្តិសុខកំពុងធ្វើការជាមួយអាជ្ញាធរទេសចរណ៍ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ និងធានាសុវត្ថិភាពនៅតាមគោលដៅនានាទូទាំងប្រទេស ដើម្បីបង្កើនទំនុកចិត្តសាធារណៈក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាពពេញមួយរដូវពិធីសង្ក្រាន្ត»។
ទោះបីជាមានការផ្សព្វផ្សាយ និងទស្សនវិជ្ជមានពីសំណាក់ប្រទេសថៃក៏ដោយ ប៉ុន្តែទេសចរណ៍ថៃអាចរងផលប៉ះពាល់ខ្លាំងក្នុងអំឡុងពេលពិធីបុណ្យសង្ក្រាន្តនៅក្នុងប្រទេសថៃ ដោយសារតែប្រទេសនេះទើបតែជួបបញ្ហាគ្រោះរញ្ជួយដីនាពេលថ្មីៗ ខណៈគ្រោះមហន្តរាយធម្មជាតិនេះ អាចនាំឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាព និងការខូចខាតនៃសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលអាចរាំរាំងឆន្ទៈនៃភ្ញៀវទេសចរក្នុងការធ្វើដំណើរកម្សាន្តក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

អត្ថបទដែលជាប់ទាក់ទង