មើលមុខជើងខ្លំាងនៅលើដងផ្លូវភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានចំនួន ៥នាក់

ភ្នំពេញ៖ ក្រុមក្មេងដែលបង្កហិង្សាវាយតប់គ្នាយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវនៅភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវបានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន ៥នាក់ហើយ។

១. ឈ្មោះ ស្រ៊ូ ប៊ុនណា ភេទប្រុស មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល សង្កាត់អូរឬស្សី ខណ្ឌ៧មករា។
២. ឈ្មោះ សាក់ វិសាល ភេទប្រុស មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
៣. ឈ្មោះ សៀ សំផន ភេទប្រុស មុខរបររត់តុ មានទីលំនៅ បន្ទប់ជួលភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
៤. ឈ្មោះ យ៉ាន វិត ភេទប្រុស មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
៥. ឈ្មោះ ហេង សារ៉ុន ភេទប្រុស មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១៩០០ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះបានធ្វើឡើងបន្ទាប់ពីមានការបង្ហោះនិងស៊ែរតៗគ្នាព្រោងព្រាតនៅក្នុងបណ្ដាញសង្គម។ តាមព័ត៌មានឲ្យដឹងថា អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២៥ នេះនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ទាក់ទិននឹងការប្រើហិង្សានេះត្រូវបាននគរបាលឲ្យដឹងថា ផ្ដើមចេញពីរឿងប្រចណ្ឌសង្សាររបស់ខ្លួនជាមិត្តភក្កិក៏ឈានទៅជាទំនាស់បង្កហិង្សាវាយតប់គ្នាយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវតែម្ដង។
នៅមុនពេលកើតហេតុគេឃើញក្រុមក្មេងទំនើងមានគ្នាចំនួន៦ នាក់ក្នុងនោះមានស្រី២នាក់និងប្រុស៤នាក់បានធ្វើដំណើរមកបន្ទប់ជួលរបស់ខ្លួននៅកន្លែងកើតហេតុហើយនាំគ្នាផឹកស៊ីអស់ស្រាបៀរអស់មួយកេស។បន្ទាប់ពីផឹកស៊ីស្រវឹងរៀងខ្លួនជនសង្ស័យម្នាក់បានប្រចណ្ឌសង្សាររបស់ខ្លួនជាមួយមិត្តភក្ដិដែលកំពុងផឹកស៊ីជាមួយគ្នានោះហើយក៏កើតទៅជាទំនាស់។ក្រោយមកពួកគេបាននាំគ្នាទៅបាត់ មួយសន្ទុះក្រោយមកក៏បានមករករឿងវាយតប់គ្នាយ៉ាងអនាធិបតេយ្យ។នៅក្នុងសកម្មភាពនោះក៏មានអ្នកជិតខាងបានថតបង្ហោះនិងមានស៊ែរតៗគ្នានៅក្នុងបណ្ដាញសង្គម។
ប្រភពដដែលឱ្យ ដឹងទៀតថា ដោយមានបទបញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនគរបាលជំនាញខណ្ឌឬស្សីកែវក៏បានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់បានជនសង្ស័យ ជាក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ចំនួន ៨នាក់នៅក្នុងនោះមានប្រុសចំនួន៥នាក់និងស្រី៣នាក់យកមកសាកសួរ។
ក្នុងនោះស្រីៗ៣នាក់ ពុំពាក់ព័ន្ធ នគរបាលមិនបានឃាត់ខ្លួននោះទេ គឺគ្រាន់តែឃាត់ជនដៃដល់ ៥នាក់ ប៉ុណ្តោះ។ ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង