KOICA បេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមចំណែក គាំទ្រកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាលក្នុងការបង្កើនលទ្ធភាព និងគុណភាពនៃសេវាថែទាំសុខភាព
ភ្នំពេញ៖ នាថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាលើគម្រោង “ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី” (PROJECT FOR STRENGTHENING COMPREHENSIVE PUBLIC HEALTH SYSTEM IN RATANAKIRI PROVINCE)។
ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលស្របទៅនឹងអាទិភាពចំបងបំផុតរបស់ក្រសួងសុខាភិបាល។
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាន និងកំពុងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ជាមួយប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃប្រទេសទាំងពីរ។ ឈរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសលើគុណភាពនៃការផ្តល់សេវាសុខភាពនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ឆ្លើយតបបានទៅនឹងអាទិភាពក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាជន លោកស្រី ម៉ូន ជុង ឆេ បានជម្រាបជូនថា គម្រោងនេះ នឹងកាន់តែបង្កើនលទ្ធភាព គុណភាពនៃសេវាថែទាំសុខភាព ពង្រឹងសមត្ថភាព និងមុខងារប្រតិបត្តិការនៃប្រព័ន្ធសុខាភិបាលសាធារណៈ រួមទាំងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងខេត្តរតនគិរី ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីជំនួយឥតសំណងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ប្រមាណ KRW9,660,000,000 ស្មើនឹងប្រមាណ ៧លានដុល្លារអាមេរិក ៕