ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ដើម្បីពិនិត្យវាយតម្លៃករណីស្នើសុំកម្មសិទ្ធិលើដីក្នុងទំនប់អាងទឹកបឹងកញ្ច្រំ ស្ថិតក្នុង ស្រុកពញាឮ ខេត្តកណ្តាល

នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអន្តរក្រសួងចំពោះកិច្ច ដើម្បីពិនិត្យ និងវាយតម្លៃករណីប្រជាពលរដ្ឋ ៣១គ្រួសារ ស្នើសុំកម្មសិទ្ធិលើដីក្នុងទំនប់អាងទឹកបឹងកញ្រ្ចំ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅសាលប្រជុំនៃទីស្ដីក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា ទំនប់អាងទឹកបឹងកញ្ច្រំ មានទីតាំងស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល បានសាងសង់ឡើងក្នុងសម័យខ្មែរក្រហម។ នៅឆ្នាំ១៩៩៧ សហគមន៍ទំនប់អាងទឹកបឹងកញ្ច្រំ បានបង្កើតឡើងដោយមានសមាជិកចំនួន ៣១គ្រួសារ។ នៅឆ្នាំ២០១០ ទំនប់អាងទឹកបឹងកញ្ច្រំ ត្រូវបានជួសជុលស្តារឡើងវិញដោយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ហើយទទួលបានកញ្ចប់ថវិកាសម្រាប់កិច្ចដំណើរការជួសជុល និងថែទាំជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង