កិច្ចសហការទ្វេភាគីរវាងកម្ពុជា-ចិន បានជំរុញការរីកចម្រើនដល់កម្ពុជា
ភ្នំពេញ ៖ កិច្ចសហការទ្វេភាគីរវាងកម្ពុជា-ចិន បានជំរុញដល់ការរីកចំរើនយ៉ាងខ្លាំលើការវិនិយោគ ជាក់ស្តែងគិតមកដល់បច្ចុប្បន្ន ទុនវិនិយោគ របស់ចិននៅកម្ពុជា បានកើនឡើងដល់ប្រមាណ ៣៦ ពាន់លានដុល្លារអាម៉េរិក ដោយនាំមកនូវផ្លែផ្កាជាផលប្រយោជន៍ដល់កម្ពុជា។
ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ នេះ អញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ និងវិបុលភាពរួម» ដែលបានរៀបចំឡើងដោយវិទ្យាសា្ថនទំនាក់ទំនង អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។
វេទិកាខាងលើនេះ រៀបចំឡើងក្នុងគោលបំណង រួមចំណែកលើកកម្ពស់ការយល់ដឹង អំពីការវិវត្តនិងវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សមិទ្ធផល បញ្ហាប្រឈម និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ខាង ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងទស្សនវិស័យទៅអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឯកឧត្តម ហឿន សំនៀង បានគូសបញ្ជាក់ថា ក្រោមកិច្ចសហការទ្វេភាគីរវាងកម្ពុជា-ចិន បានជំរុញដល់ការរីកចំរើនយ៉ាងខ្លាំ លើការវិនិយោគឯកជន ដែលនាំមកនូវផ្លែផ្កាជាផលប្រយោជន៍យ៉ាងច្រើនសន្លឹកសន្ធាប់ ជាក់ស្តែងទុនវិនិយោគរបស់ចិននៅកម្ពុជា បើគិតចាប់ពីទសវត្សឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ២០២៥នេះ មានទំហំប្រមាណ ៣៦ ពាន់លានដុល្លារអាម៉េរិក។ ចំណែកក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយ (២០២១-២០២៥) ប្រភពទុនវិនិយោគចិនបានឈរនៅលំដាប់លេខ១ ឬ២ សម្រាប់ការវិនិយោគឯកជននៅកម្ពុជា ក្នុងនោះនៅក្នុងឆ្នាំ២០២៤ កន្លងមក ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកប្រមាណជាង ៣.៤២៣ លានដុល្លារអាម៉េរិក ត្រូវ ៥០ ភាគរយ នៃទុនវិនិយោគសរុបនៅកម្ពុជា។
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការអភិវឌ្ឍ ក៏បានផ្តល់នូវផ្លែផ្កាដ៏មហាសាលដល់កម្ពុជា ដែលចាប់ពីទសវត្សរ៍ ឆ្នាំ ១៩៩០ ដល់ដើមឆ្នាំ២០២៥នេះ បើយោងតាមប្រព័ន្ធទិន្នន័យ ( ODA Database) របស់គណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការមកកម្ពុជាសរុបប្រមាណជិត ៦ ពាន់លានដុល្លារអា ម៉េរិក សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងអគ្គិសនី អប់រំ សុខាភិបាល កសិកម្ម និង ប្រព័ន្ធធារាសាស្ត្រជាដើម៕