សង្គ្រាមពាណិជ្ជកម្ម ! លោកTrump ជាមួយចិន ធ្វើឱ្យមានឱនភាពសេដ្ឋកិច្ចឡើងវិញ និងក្ដីបារម្ភដល់ទីផ្សារសកល
សង្រ្គាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump បានធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ ជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ ១០ មេសា ខណៈភាគហ៊ុន និងតម្លៃប្រេងបានធ្លាក់ចុះ ស្របពេលមានក្ដីបារម្ភថាប្រទេសចិនអាចនឹងឆ្លើយតបម្តងទៀតជាមួយការដំឡើងពន្ធកាន់តែខ្ពស់ សងសឹកការដំឡើងពន្ធចុងក្រោយដាក់ដោយសហរដ្ឋអាមេរិក។
ទីផ្សារពិភពលោកដែលរងការវាយប្រហារនិងមេដឹកនាំពិភពលោក ដែលមានការព្រួយបារម្ភ បានស្វាគមន៍ការបន្ធូរបន្ថយកាលពីថ្ងៃពុធសប្ដាហ៍នេះ ពេលលោកTrump ភ្លាមៗ បានសម្រេចចិត្តផ្អាកពន្ធកាតព្វកិច្ចថ្មីដ៏ធំបំផុតរបស់លោករយៈពេល ៩០ថ្ងៃ តែលើកលែងប្រទេសចិន ដោយលោកបានដំឡើងដល់១២៥%។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បានព្យាយាមបន្ថែមការសង្ស័យដោយប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក Trump ថាមានប្រទេសប្រមាណ៧៥ ចង់ចរចាពាណិជ្ជកម្ម ហើយលោក Trump ផ្ទាល់បានបង្ហាញពីក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។
ប៉ុន្តែភាពមិនច្បាស់លាស់ក្នុងពេលនេះបានធ្វើឲ្យមានការប្រែប្រួលខ្លាំងបំផុត ចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាតសកល COVID-19។
សន្ទស្សន៍ភាគហ៊ុន S&P 500 របស់អាមេរិក បានធ្លាក់តម្លៃទាបជាង ៣,៥%កាលពីថ្ងៃព្រហស្បតិ៍ ខណៈភាគហ៊ុន Nasdaq បានធ្លាក់ចុះ ៤,៣% ហើយភាគហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះ ២,៥% ចំណែកឯតម្លៃប្រេងសកលវិញបានធ្លាក់ចុះជាង ៣%។
ផ្សារភាគហ៊ុនS&P 500 ធ្លាក់ចុះប្រហែល១៥%ពីកម្រិតកំពូលរបស់ខ្លួន ហើយក្រុមអ្នកវិភាគជឿថាភាគហ៊ុនស្ថិតក្នុងគ្រោះថ្នាក់នៃការធ្លាក់ចូលទៅក្នុងទីផ្សារដែលបានដាំក្បាលចុះដោយសារភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយពន្ធបង្កឡើងដោយលោក Trump ។
លោក Bessent បានព្យាករណ៍ថា កិច្ចព្រមព្រៀងដ៏ទាក់ទាញជាមួយប្រទេសផ្សេងទៀតនឹងនាំមកនូវភាពច្បាស់លាស់បន្ថែមទៀតដល់គោលនយោបាយពាណិជ្ជកម្មក្នុងរយៈពេល ៩០ ថ្ងៃខាងមុខ៕