ឯកឧត្ដម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃគម្រោងអភិវឌ្ឍន៍គម្រោងប្រព័ន្ធធារាសាស្ដ្រ និងកាត់បន្ថយទឹកជំនន់ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង

នៅទីស្ដីការក្រសួង ឯកឧត្ដម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Minnie Chey នាយកធនាគារកូរ៉េ K-Eximbank ប្រចាំប្រទេសកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃគម្រោងអភិវឌ្ឍន៍គម្រោងប្រព័ន្ធធារាសាស្ដ្រ និងកាត់បន្ថយទឹកជំនន់ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានថវិការបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) កូរ៉េ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំមានការចូលរួមពីសំណាក់មន្ដ្រីពាក់ព័ន្ធមកពីអង្គភាពគ្រប់គ្រង (PMU) មន្ដ្រីធនាគារ K-Exambank ទីប្រឹក្សាគម្រោង ក្រុមការងារសិក្សាគម្រោងប្លង់លម្អិត តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មន្ដ្រីរដ្ឋបាលសាលាខេត្តបាត់ដំបង និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត សរុបប្រមាណ ៣៥នាក់។
ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលចុងក្រោយនៃការគ្រោងប្លង់លម្អិតលើគម្រោងអភិវឌ្ឍន៍គម្រោងប្រព័ន្ធធារាសាស្ដ្រ និងកាត់បន្ថយទឹកជំនន់ និងផ្ដល់នូវអនុសាសន៍មួយចំនួនសម្រាប់បំពេញបន្ថែមចំណុចខ្វះខាតនៅក្នុងរបាយការណ៍ដើម្បីផ្ដល់លទ្ធភាពជូនទីប្រឹក្សាកូរ៉េធ្វើការកែលម្អលើលទ្ធផលឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តជំហានបន្ដ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំ ដោយផ្តល់អនុសាសន៍ល្អៗបន្ថែមទៀតដល់ទីប្រឹក្សាគម្រោងមានទឡ្ហីករណ៍យកទៅកែសម្រួលរចនាបទគ្រោងប្លង់សាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងទាក់ទាញភ្ញៀវទេសចរផងដែរ ហើយនិងជូនពរឱ្យសមាជិកអង្គប្រជុំទាំងអស់ប្រកបដោយសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ៕

អត្ថបទដែលជាប់ទាក់ទង