សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភា និងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា
បន្ទាប់ពីបានដំណើរការពេញមួយព្រឹកក្នុងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សន្និសីទប្រធានសភានៃអន្តរសភា (ISC)នៃកិច្ចប្រជុំកំពូលឆ្នាំ២០២៥ របស់ UPF ក្រោមការសម្របសម្រូលប្រកបដោយភាពប៉ិនប្រសប់ ពោលពេញដោយបទពិសោធន៍ ដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូលរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សន្និសីទបានបញ្ចប់ដោយជោគជ័យមានផ្លែផ្កាជាទីមោទនភាព ដោយឯកភាពលើតួនាទីសំខាន់នៃការទូតសភា និងកិច្ចសន្ទនាអន្តរសភា ក្នុងការលើកកម្ពស់សន្តិភាព សាមគ្គីភាព វិបុលភាពរួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចរដ្ឋសភាធិបតី បានអំពាវនាវឱ្យមានការឆ្លើយតបដែលផ្តោតលើប្រជាជនចំពោះបញ្ហាសកលបច្ចុប្បន្ន ព្រមទាំងបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃអភិបាលកិច្ចល្អ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ សម្តេចប្រធានរដ្ឋសភា សូមឱ្យមានការរួបរួមគ្នាសម្រាប់សន្តិភាពសកល កិច្ចសហប្រតិបត្តិការ និងការពង្រឹងពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ខណៈពេលដែលកំពុងប្រឈមនូវភាពមិនប្រាកដប្រជាជាសកល។
សម្តេចបានកត់សម្គាល់ពីសភាពការណ៍ធ្ងន់ធ្ងរនៃបញ្ហាពិភពលោកដែលកំពុងប្រឈមដោយជម្លោះភូមិសាស្រ្តនយោបាយ រួមជាមួយវិបត្តិអាកាសធាតុ បញ្ហាសុខភាពពិភពលោក ការព្រួយបារម្ភអំពីសន្តិសុខ ទឹក អាហារ ជាដើម។ «សង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើងបានបន្ថែមដល់ភាពមិនប្រាកដប្រជានៅក្នុងប្រព័ន្ធពិភពលោករបស់យើង។ យើងពិតជាកំពុងរស់នៅក្នុងពេលវេលាមិនច្បាស់លាស់ជាមួយនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដោយសារតែពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់កំពុងចុះខ្សោយទៅៗ”។ នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋភាកម្ពុជា។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើង ពីមជ្ឈភាពនៃសន្តិភាពក្នុងការកសាងប្រទេសជាតិ ភាពសុខដុមរមនាក្នុងសង្គម និងវិបុលភាព កិច្ចពិភាក្សានាពេលនេះបានសង្កត់ថា សន្តិភាពមិនអាចបានមកដោយងាយនោះទេ។ សន្តិភាពត្រូវតែទទួលបានតាមរយៈការទូត វិធីសាស្រ្តកណ្តាលនិយម និងការចូលរួមប្រកបដោយបរិយាបន្ន។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា “ការវិនិយោគលើសន្តិភាព គឺជាការវិនិយោគដ៏ឆ្លាតវៃបំផុត”។
សូមជម្រាបថា សន្និសីទប្រធានសភានៃអន្តរសភា មានប្រតិភូជាប្រធានសភា អនុប្រធានសភា និងតំណាងរាស្រ្តចំនួន១៥ប្រទេស ចូលរួម ដែលមានចំនួនប្រមាណ១០០នាក់។ សម្តេចរដ្ឋសភាធិបតី បានអំពាវនាវឱ្យមានការឆ្លើយតបដែលផ្តោតលើប្រជាជនចំពោះបញ្ហាសកលបច្ចុប្បន្ន ព្រមទាំងបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃអភិបាលកិច្ចល្អ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ជាមួយនេះ សន្និសីទនៃ ប្រធានសភានៃអន្តរសភា បានរំលឹកខួបលើកទី៦០ នៃសន្និសីទ Bandung និងការបង្កើតឡើងនូវចលនាមិនចូលបក្សសម្ព័ន្ធ អង្គប្រជុំនាពេលនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្មារតីរបស់សន្និសីទ Bandung ក្នុងបរិបទបច្ចុប្បន្ន។ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងទ្វីបអាស៊ី អាហ្រ្វិក និងទ្វីបផ្សេងទៀតត្រូវបានគូសបញ្ជាក់ថា ជាកត្តាសំខាន់ក្នុងការរុករកភាពស្មុគស្មាញនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។
សម្តេចប្រធានរដ្ឋសភា ក៏បានរំលឹកឡើងវិញអំពីតម្រូវការសម្រាប់ស្ថាបត្យកម្មពិភពលោកថ្មីមួយ តាមរយៈការកែទម្រង់ទូលំទូលាយនៃប្រព័ន្ធអង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិដទៃទៀត។ សម្តេច បានលើកទឹកចិត្តឱ្យមានសណ្តាប់ធ្នាប់ពហុភាគីដោយបើកចំហ និងបរិយាបន្ន ដែលផ្តល់អាទិភាពដល់ផលប្រយោជន៍រួម។
មុនបិទបញ្ចប់កិច្ចពិភាក្សាតុមូលនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានសម្តែងនូវក្តីសង្ឃឹមថា ISC នឹងបន្តបម្រើជាវេទិកាយូរអង្វែងសម្រាប់ការលើកកម្ពស់សាមគ្គីភាពក្នុងភាពចម្រុះ ការកសាងការឯកភាពគ្នាតាមរយៈការពិគ្រោះយោបល់ និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តោតលើប្រជាជន។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះវាគ្មិនកិត្តិយស និងអ្នកចូលរួម ចំពោះការរួមចំណែកប្រកបដោយការយល់ដឹង និងការចូលរួមយ៉ាងសកម្មដើម្បីវិបុភាពរបស់ពលរដ្ឋទំាងអស់ក្នុងសកលលោក៕