សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យប់មិញឆ្លៀតជិះរម៉កកង់បីមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងការរៀបចំអបអរសាទរឆ្នាំថ្មីក្នុងក្រុងសៀមរាប ក៏ដូចជាការដើរកំសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមទាំងនៅ Pub Street

ខ្ញុំមានការសប្បាយរីករាយដែលបានឃើញនូវការសហការគ្នាយ៉ាងល្អរវាងរដ្ឋបាលខេត្តសៀមរាប វិស័យឯកជននិងប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបផ្ទាល់ ដែលបានរួមគ្នារៀបចំតុបតែងលម្អបានយ៉ាងស្អាត ក៏ដូចជាបង្កលក្ខណៈឲ្យមានការលក់ដូរនិងសកម្មភាពកំសាន្តនៅតាមបណ្ដោយស្ទឹងសៀមរាប និងនៅតាមកន្លែងផ្សេងទៀតនៅក្នុងក្រុង។

ទោះជាម៉ោងយប់ជ្រៅបន្តិច ប៉ុន្តែក៍នៅមានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដើរលេងកំសាន្តយ៉ាងច្រើនកុះករ និងមានការបង្គំតន្ត្រីកំសាន្តផង។

ខ្ញុំមានការរំភើបណាស់ដែលការសម្រេចចិត្តក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះនៅខេត្តសៀមរាប បន្ថែមលើសង្ក្រាន្តនៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដែលព្រឹត្តិការណ៍នេះបានបង្កលក្ខណៈឲ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុងសៀមរាបមានភាពរស់រវើក និងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរ និងអ្នកប្រកបរបរនានានៅក្នុងវិស័យទេសចរណ៍ នៅក្នុងក្រុងសៀមរាបនិងនៅតំបន់ជុំវិញផងដែរ។

ដំបូងរូបខ្ញុំក្លែងបន្លំខ្លួនដោយពាក់មួកនិងពាក់ម៉ាស់កុំអោយគេចាប់ស្គាល់ ប៉ុន្តែនៅតែគេចមិនរួចពីក្រសែភ្នែករបស់បងប្អូនប្រជាពលរដ្ឋ អញ្ចឹងបានទទួលទាំងទឹក ទាំងម្ស៉ៅផងដែរ ។

ខ្ញុំសូមកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយសប្បាយរីករាយ ប្រកបដោយការគោរពគ្នាទៅវិញទៅមក។

ខ្ញុំក៏សូមអរគុណចំពោះសមត្ថកិច្ចទាំងអស់ដែលបានការពារសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានដើរកំសាន្តដោយសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅ។

យប់ថ្ងៃអាទិត្យ ទី១៣ មេសា ២០២៥

អត្ថបទដែលជាប់ទាក់ទង