តារាចម្រៀងសំនៀងរដឺន អ្នកនាង អឿន ស្រីមុំ ត្រូវបានគេមើលឃើញថា នាងនៅតែបន្តឈរជើងលើទីផ្សារសិល្បៈចម្រៀងខ្ពស់ដដែល រហូតមកដល់នាពេលនេះ
ភ្នំពេញ ៖ តារាចម្រៀងសំនៀងរដឺន អ្នកនាង អឿន ស្រីមុំ ត្រូវបានគេមើលឃើញថា នាងនៅតែបន្តឈរជើងលើទីផ្សារសិល្បៈចម្រៀងខ្ពស់ដដែល រហូតមកដល់នាពេលនេះ បើទោះបីជាបច្ចុប្បន្នវ័យរបស់នាងកាន់តែជ្រេបន្តិចក្តី ដោយនាងតែងតែបង្ហាញវត្តមានច្រៀងតាមកម្មវិធីនានាជាបន្តបន្ទាប់ ស្ទើរមិនដាច់សូរ ។
ជារឿយៗ តារាចម្រៀងស្រីរូបនេះតែងតែបង្ហាញវត្តមានឡើងច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយចំនួន តាមខេត្ត និងក្នុងវង់តន្ត្រីល្បីៗនៅតាមពិធីបង្គលការ ជប់លៀងជាដើម ខណៈពេលឆាប់ៗនាងក៏មានគម្រោងចេញច្រៀងសម្តែងនៅឯក្រៅប្រទេសផងដែរ ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ អឿន ស្រីមុំ បានលេចមុខជាថ្មីម្តងទៀត រួមជាមួយតារាចម្រៀងចាស់ថ្មីច្រើន ក្នុងឱកាសថតបទចម្រៀងឲ្យសមាគមទូរទស្សន៍ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ។ បើទោះបីជាមានវ័យរាងជ្រេបន្តិចក្តី ប៉ុន្តែតារាចម្រៀងរូបនេះនៅតែមានទឹកដមសំនៀងពីរោះរណ្តំដដែល ជាពិសេសនោះ គឺការបកស្រាយចម្រៀងពីដើមបានយ៉ាងពីរោះ ហើយនោះក៏ជាការនិយមចូលចិត្តរបស់នាងផងដែរ ចាប់តាំងពីឈានជើងចូលប្រឡូក្នុងវិស័យសិល្បៈ ៕