ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

នៅរសៀលថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី១១ ឆ្នាំ២០២៥ នៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា អង្គរសង្រ្កាន្តប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីផ្តល់នូវស្នាមញញឹមដល់ប្រជាជាតិខ្មែរមកពីគ្រប់ទិសទី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយមានកម្មវិធីល្បែងប្រជាប្រិយ រួមជាមួយកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតដូចជា ការសម្តែងទស្សនីយភាពចង្វាក់បេះដូងអង្គរ កម្មវិធីភូមិខ្ញុំ កម្មវិធីការប្រកួតអុក កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ កម្មវិធីសួនញញឹមអង្គរ កម្មវិធីសួនមុនីហឬទ័យ កម្មវិធីផ្សារស្ទឹងសៀមរាប កម្មវិធីប្រណាំងរទេះគោ ក្របី ពិធីស្រង់ព្រះ និងកម្មវិធីបណ្ដែតគោមបួងសួងចម្រើនសេចក្តីសុខជាដើម៕

អត្ថបទដែលជាប់ទាក់ទង