អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសអំពី ការជួបប្រជុំទ្វេភាគីរវាង ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើកិច្ចការពាណិជ្ជកម្ម រវាងកម្ពុជា និងអាមេរិក
(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសអំពីការជួបប្រជុំទ្វេភាគីរវាង ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើកិច្ចការពាណិជ្ជកម្ម រវាងកម្ពុជា និងអាមេរិក នេះយោងតាមសេចក្តីប្រកាសព័ត៌មាន នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
សេចក្តីប្រកាសរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួល ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអារម៉រិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ ឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្ម សហរដ្ឋអាម៉េរិក។
កិច្ចប្រជុំនេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តមប្រធានាធិបតី Donald J. Trump ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញសុច្ឆន្ទៈសុំបើកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានពិភាក្សា លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានផ្ដល់សារៈសំខាន់លើឆន្ទៈក្នុងការចូលរួម កិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្ត ការចរចាឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព។ ភាគីទាំងពីរបានឯកភាព បន្តការពិភាក្សាក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ។
រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្តី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕