សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងបណ្ណាល័យ សារមន្ទីរ និងបណ្ណសារដ្ឋាន នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសម្ពោធ «ដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល (APM Center), មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវ ពីហិរញ្ញប្បទានបៃតង ចំពោះវិស័យកសិកម្មរបស់ សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (ARDB ACE-GFA), និងបណ្ណាល័យ សារមន្ទីរ និងបណ្ណសារដ្ឋាន នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ស្ថិតនៅក្នុងបរិវេណនៃទីស្នាក់ការកណ្តាលធនាគារ ARDB អគារលេខ១៦៨ ផ្លូវបេតុងលេខ៧ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍន៍, សាកលវិទ្យាល័យ, សិស្ស-និស្សិត, សហគមន៍កសិកម្ម, សហព័ន្ធស្រូវអង្ករ កម្ពុជា, រោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុនកែច្នៃ, និងក្រុមហ៊ុននាំចេញអង្ករ, ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ធនាគារ ARDB សរុបប្រមាណ ៣០០នាក់។
ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវទាំងពីរ រួមទាំងបណ្ណាល័យ សារមន្ទីរ និងបណ្ណសារដ្ឋាន បាន ឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ ARDB ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល, ការលើកកម្ពស់ចំណេះដឹង, ការអភិវឌ្ឍមូលធនមនុស្ស, និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់។ មជ្ឈមណ្ឌលទាំងនេះ មានតួនាទីផ្តល់ចំណេះដឹង, ប្រមូលចងក្រង និងរក្សាទុកឯកសារ, ព្រមទាំងសមិទ្ធផលសំខាន់ៗផ្សេងទៀត ផ្តោតលើវិស័យកសិកម្ម វិស័យបៃតង និងការអភិវឌ្ឍជនបទសម្រាប់សាធារណជន, អ្នកសិក្សាស្រាវជ្រាវ, គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ, និងភាគីពាក់ព័ន្ធផ្សេងៗ។
បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានថ្លែងថា តាមការសង្កេតជារួម យើងនៅមានភាពខ្វះខាតលើការកត់ត្រា ប្រមូលផ្តុំ និងការរក្សាទុកនូវរាល់ឯកសារសិក្សាស្រាវជ្រាវ ក៏ដូចជាសមិទ្ធផលផ្សេងៗរបស់អ្នកជំនាន់មុន ដោយសារឯកសារមួយចំនួន ត្រូវបានបំផ្លាញចោលក្នុងយុគសម័យក្រោយអង្គរ និងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រទេសកម្ពុជាជួបប្រទះនឹងកង្វះខាតឯកសារ សម្រាប់ការសិក្សាស្រាវជ្រាវ និងការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់អ្នកជំនាន់ក្រោយ។ ដូច្នេះ ការបង្កើតមជ្ឈមណ្ឌលទាំងពីរនេះ និង បណ្ណាល័យ សារមន្ទីរ និងបណ្ណសារដ្ឋាន ជាមជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាល ការកត់ត្រាប្រមូលផ្តុំ និង រក្សាទុកឯកសារស្រាវជ្រាវដល់អ្នករៀបចំគោលនយោបាយ, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, វិទ្យាស្ថានស្រាវជ្រាវ, គ្រឹះស្ថានអប់រំ, និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ក្នុងការបង្កើននូវចំណេះដឹង និងជំនាញឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបរិបទសេដ្ឋកិច្ចសកល។
លោកបន្តថា ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទាំងពីរ រួមជាមួយបណ្ណាល័យ សារមន្ទីរ និងបណ្ណសារដ្ឋាន គឺជាសមិទ្ធផលដ៏ធំមួយបន្ថែមទៀតរបស់ធនាគារ ARDB ដែលបានឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រមូលផ្តុំ ចងក្រង និងរក្សាទុកនូវរាល់ស្នាដៃ និងសមិទ្ធផលផ្សេងៗ សំដៅលើកកម្ពស់ចំណេះដឹង, ការគាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្ស និងការរួមចំណែកដល់ ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា និងតំបន់។ ការប្តេជ្ញាចិត្តនេះស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញគោលនយោបាយអាទិភាពផ្តោតលើការលើក ស្ទួយការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការគាំទ្រដល់ការរៀនសូត្រពេញមួយជីវិត ដើម្បីសម្រប ខ្លួនទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិបទសេដ្ឋកិច្ច និងបច្ចេកវិទ្យា៕