ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងការពារជើងទេរ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

នៅថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងការពារជើងទេរ ដោយប្រើប្រាស់បាវ Geotextile ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
សូមជម្រាបថា ការងារសាងសង់ច្រាំងទន្លេបានចាប់ផ្តើមអនុវត្តពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤០% ស្មើនឹងប្រវៃង ៤៣០ម៉ែត្រ/៥០០ម៉ែត្រ ក្នុងនោះរួមមាន៖ ទី១)ប្រើបាវច្រកខ្សាច់ចំនួន ៩៧១បាវ ទី២)ទូកបូមខ្សាច់ចំនួន ១៦២ទូក ទី៣)ចាក់ដីបំពេញចំនួន ២៥០ឡាន(៥ម៉ែត្រគូប/ឡាន) និងទី៤)ការងាររៀបបាវខ្សាច់ ៣ជាន់ បានប្រវែង ៤៣០ម៉ែត្រ រៀបបាវ ៤ជាន់ប្រវែង ១០០ម៉ែត្រ និងរៀបបាវ ៥ជាន់ ប្រវែង ៥០ម៉ែត្រ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យបន្តពង្រឹងលើគុណភាព និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា៕

អត្ថបទដែលជាប់ទាក់ទង