អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាល អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ពិសេសការការពារប្រតិភូប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប្រទេសកម្ពុជា នាពេលកន្លងមក នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។
ឯកឧត្តមបន្តថា បើទោះបីជាប្រតិភូប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មិនស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាលក៏ដោយ ប៉ុន្តែកងកម្លាំងរបស់យើងទាំងអស់បានចូលរួមក្នុងការការពារ ទាំងក្បួនប្រតិភូ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ នាពេលកន្លងមក កម្លាំងរបស់យើងបានរួមគ្នាទប់ស្កាត់បទល្មើស ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្នុងរយៈពេលកន្លងទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមិនមានបទល្មើសណាមួយគួរឱ្យកត់សម្គាល់ឡើយ។
ឯកឧត្តមអភិបាលខេត្ត បន្តថាលទ្ធផលដែលទទួលបាននៅពេលនេះ បានមកពីកិច្ចខិតខំប្រឹងប្រែង របស់មេបញ្ជាការ មេបញ្ជាការរង និងកងរាជអាវុធហត្ថរបស់យើងទាំងអស់ ដែលបានឯកភាពគ្នា ខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់៕