ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត។
កាលពីរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំទទួលបដិសណ្ឋារកិច្ចដំណើរអញ្ជើញមកដល់របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃសម្ភោធដាក់ឲ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិជាផ្លូវការ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ព្រឹកស្អែកនេះ។
ឯកឧត្តមអភិបាលខេត្តកំពត បានបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋប្រមាណ ៦ ៧០០ នាក់ បានត្រៀមខ្លួនរួចរាល់ រង់ចាំទទួលដំណើរអញ្ជើញមកដល់របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃសម្ពោធដាក់ឲ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិជាផ្លូវការនេះផងដែរ។
សូមបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតសាងសង់លើផ្ទៃដីជាង៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ។ ដំណើរការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ហើយសម្រេចរួចរាល់នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ និងគ្រប់គ្រងការសាងសង់ពីសំណាក់អង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រោមការប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន១៨លានដុល្លារ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ និងថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន៧៧ម៉ឺនដុល្លារផងដែរ។ ហើយក្រោយពេលសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ គេជឿថាកំពង់ផែមួយនេះ នឹងបើកចំហជើងមេឃកម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិតាមផ្លូវទឹក ឲ្យមកទស្សនាខេត្តកំពត ក៏ដូចជាកម្ពុជា កាន់តែច្រើនថែមទៀត៕