អភិបាលខេត្តកំពង់ស្ពឺ វាយតម្លៃដល់កម្លាំងសមត្ថកិច្ចដែលគ្រប់គ្រងសភាពការណ៍សន្តិសុខបានល្អក្នុងឱកាសកំពង់ស្ពឺសង្ក្រាន្ត

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ បានអះអាងថា កំពង់ស្ពឺសង្ក្រាន្តរយៈពេល៣ថ្ងៃកន្លងទៅនេះ មិនមានបទល្មើសកើតឡើងឡើយនៅតាមបណ្តាក្រុង ស្រុក គ្រាដែលកម្លាំងសមត្ថកិច្ចកំពុងជាប់ដៃក្នុងការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥។ការអះអាងនេះធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ក្នុងឱកាសចូលរួមអាហារជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ នាពេលកន្លងមកនេះ កម្លាំងនគរបាលនិងកម្លាំងអាវុធហត្ថខេត្តពិតជាបានរួមគ្នាក្នុងការទប់ស្កាត់រាល់បទល្មើស ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្ត ក្នុងរយៈពេលកន្លងទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមិនមានបទល្មើសណាមួយគួរឱ្យកត់សម្គាល់ឡើយ ដែលនេះបានមកពីការឯកភាពគ្នា ខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។
អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់បន្ថែមថា ជាមួយនិងការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំង២ប្រភេទ បានធ្វើឱ្យដំណើរការនៃការប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីប្រព្រឹត្តិទៅយ៉ាងរលូននិងសប្បាយរីករាយ ដែលរយៈពេល៣ថ្ងៃខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិស្នាក់នៅនិងដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍និងកម្សាន្តសប្បាយជាមួយការរៀបចំកំពង់ស្ពឺសង្ក្រាន្តរបស់រដ្ឋបាលខេត្តមានចំនួនរហូតដល់ទៅជិត ២លាននាក់។
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ផងដែរថា ក្នុងឱកាសកំពង់ស្ពឺសង្ក្រាន្តរយៈពេល៣ថ្ងៃកន្លងទៅនេះ កម្លាំងនគរបាលគ្រប់ក្រុងស្រុកបានប្រុងជើងការជាប់ជានិច្ចក្នុងការបង្ការ សង្គ្រោះនិងបង្ក្រាបរាល់បទល្មើសដែលនិងកើតមានឡើងក្នុងពេលកំពុងទទួលសង្ក្រាន្តឆ្នាំថ្មី។កម្លាំងត្រូវបានពង្រាយនៅគ្រប់គោលដៅនិងបញ្ចៀបចូលទៅក្នុងហ្វូងមនុស្សដើម្បីប្រសិទ្ធិភាពក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបទាន់ពេល។
លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់បន្ថែមថានៅក្នុងឱកាសសង្ក្រាន្ត ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានជួយសង្រ្គោះក្មេងស្រីម្នាក់ មានបញ្ហាសុខភាព នៅតំបន់B1 ឱ្យមានស្ថានភាពសុខភាពល្អប្រសើរឡេីងវិញ សង្គ្រោះបឋមដល់ប្រជាពលរដ្ឋមកលេងកម្សាន្ត ១៦៣នាក់ ស្រី ១១៩នាក់ និងបានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួន ៦៣នាក់ផងដែរ។ ជាងនេះទោះជាកម្លាំងត្រូវបានពង្រាយ និងបញ្ជ្រាបចូលជ្រៅទៅក្នុងហ្វូងមនុស្ស បទល្មើសនៅតែកើតមានដែលបង្កដោយជនឆ្លៀតឱកាស ដោយក្នុងនោះបានវះកាបូបយកទូរស័ព្ទដៃអស់ ១៧គ្រឿង។ កើតមានគ្រោះថ្នាក់ចរាចរណ៍២លើកបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ និង៣នាក់ទៀតរងរបួស និងគ្រោះថ្នាក់ផ្សេងៗ ៣លើកស្លាប់មនុស្ស ៤នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង