សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia

(ពោធិ៍សាត់)៖ នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
រថយន្ត Ford ជាម៉ាករថយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក ហើយមានលើទីផ្សាររបស់កម្ពុជាយូរឆ្នាំមកហើយ។
លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានឱ្យដឹងថា ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅកម្ពុជាអស់រយៈពេលប្រមាណ ៣៣ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២។ ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។
លោក Kevin Whitcraft បានឱ្យដឹងផងដែរថា ក្រុមហ៊ុនមានបុគ្គលិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្តម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តម៉ាក Ford, Jaguar Land Rover, Jeep, RAM, Peugeot, ChangAn, Deepal, Mercedes-Benz, និងរថយន្តដឹកធ្ងន់ធ្ងន់ម៉ាក Fuso ជាដើម។
លោក Kevin Whitcraft បានគូសរំលេចថា ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យយានយន្តនៅកម្ពុជា។ ក្នុងនោះ រថយន្ត Ford បានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជារហូតដល់ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីផ្សាររថយន្តថ្មី អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ដោយគិតចាប់ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្ន។
ប្រធានក្រុមហ៊ុន RMA Group បានឱ្យដឹងផងដែរថា ក្រៅពីការនាំចូលរថយន្តមកចែកចាយនៅលើទីផ្សាររបស់កម្ពុជាហើយនោះ ក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគដំបូងចំនួន ២១លានដុល្លារ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តលើផ្ទៃដីចំនួន ៥ហិកតា។ កាលពីឆ្នាំ២០២២ ក្រុមហ៊ុន បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការរោង ចក្រដំឡើងរថយន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ក្រុមហ៊ុនបានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មីបន្ថែមមួយទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការងារបានជាច្រើនកន្លែងទៀត។ បន្ថែមពីលើនោះ ក្រុមហ៊ុនបានពង្រីកការវិនិយោគពី ២១លានដុល្លារអាមេរិក ទៅ ២៦,៨លានដុល្លារអាមេរិក និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា។
បើតាមលោកប្រធានក្រុមហ៊ុន បានឱ្យដឹងទៀតថា ក្រុមហ៊ុនក៏បានផ្លាស់ប្តូរច្រវាក់ផលិតកម្មពីកម្រិតដំឡើង CKD មកកម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០គ្រឿងក្នុងមួយឆ្នាំ។
កាន់តែពិសេសនោះ ក្រុមហ៊ុនទទួលបានការទទួលស្គាល់ជាអន្តរជាតិលើលេខតួរថយន្តផលិតនៅកម្ពុជា Made In Cambodia ដោយសមាគមវិស្វករយានយន្ត (Society of Automotive Engineer – SAE International)។
លោក Kevin Whitcraft បានឱ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងរថយន្តសរុបចំនួន ៧,៤៩២គ្រឿងរួចមកហើយ រួមមាន៖ រថយន្ត Ford Ranger Pick Up (Wildtrak, XLT, XL) និង រថយន្ត Ford SUV (Ford Everest Titanium, Ford Everest Sport, និង Ford Territory៕

អត្ថបទដែលជាប់ទាក់ទង